ជនសង្ស័យ ១១នាក់ ត្រូវបានបញ្ជូនទៅតុលាការ ករណីរំដោះអ្នកទោសនៅខេត្តសៀមរាប

ភ្នំពេញ៖ មន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជូនជនសង្ស័យទាំង ១១នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ករណីរដោះអ្នកទោសពាក់ព័ន្ធគ្រឿងញៀននៅខេត្តសៀមរាប។ មេក្លោងឧក្រិដ្ឋជនជនជាតិចិន ដែលចាប់ខ្លួនបានត្រឡប់មកវិញឈ្មោះ CHEN HSIN HAN មុនពេលប្លន់រំដោះ ត្រូវបានតុលាការខេត្តសៀមរាប ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលជាង ៥០ឆ្នាំ ពីបទ «ជួញដូរគ្រឿងញៀន»។

ក្រុមឧក្រិដ្ឋជនទាំងអស់នេះ មានចម្រុះជាតិសាសន៍ ក្នុងនោះមាន ជនជាតិចិនតៃវ៉ាន់, ខ្មែរអាមេរិក និងតួកគី។ក្រុមឧក្រិដ្ឋជនដែលមានអង្គការចាត់តាំងច្បាស់លាស់នេះ បានរៀបចំផែនការត្រៀមធ្វើសកម្មភាពរយៈពេល២ខែមកហើយ ពោលគឺ រៀបចំផែនការតាំងពីនៅសហរដ្ឋអាមេរិកមកម្ល៉េះ ហើយពួកគេបានធ្វើដំណើរមកដល់ប្រទេសកម្ពុជា ដើម្បីពិនិត្យទីតាំងភូមិសាស្ដ្ររយៈពេលកន្លះខែមកហើយ។

នៅថ្ងៃកើតហេតុ ទី១៧ ខែសីហា ឆ្នាំ២០២៣ មានឧក្រិដ្ឋជន ៤នាក់ ជាអ្នកចូលធ្វើសកម្មភាពរំដោះដោយផ្ទាល់នៅគ្លីនិកធ្មេញ ក្នុងក្រុងសៀមរាប ពេលអនុរក្សពន្ធនាគារបញ្ជូនទៅព្យាបាលជំងឺធ្មេញ ដែលកន្លងទៅធ្លាប់ព្យាបាលនៅក្នុងពន្ធនាគារ ប៉ុន្ដែមិនធូរស្រាល។ ក្រៅពីឧក្រិដ្ឋជន៤នាក់ ដែលធ្វើសកម្មភាពផ្ទាល់ហើយនោះ ពួកគេនៅមានក្រុមជំនួយ២នាក់ទៀត ដើម្បីត្រៀមជួយអន្ដរាគមន៍ ក្នុងករណីមានការប៉ះទង្កិចគ្នាជាមួយកម្លាំងសមត្ថកិច្ច។

ក្រោយកើតហេតុភ្លាមៗ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ កម្លាំងនគរបាលទាំងអស់ បានរួមគ្នាធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបាន ដែលពួកគេរត់ពីខេត្តសៀមរាប មកកាន់រាជធានីភ្នំពេញ ដើម្បីលាក់ខ្លួនបណ្ដោះអាសន្ន។

នៅយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ បានកំណត់បានទីតាំងដែលឧក្រិដ្ឋជនលាក់ខ្លួន និងឈានដល់ការចាប់ខ្លួនបានជាបន្ដបន្ទាប់នៅយប់ថ្ងៃទី១៨ ខែសីហា ចំនួន៧នាក់ និងចាប់បានជាបន្ដបន្ទាប់ រហូតដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ សរុបចំនួន១១នាក់ រួមទាំងអ្នកទោសដែលបានរំដោះ៕

CATEGORIES
Share This