ស្ត្រីចំណាស់ម្នាក់ដើរឆ្លងផ្លូវត្រូវម៉ូតូបុកបណ្តាលអោយរងរបួសធ្ងន់
បាត់ដំបង ៖ ស្ត្រីវ័យចំណាស់ម្នាក់របួសជើងម្ខាងធ្ងន់ធ្ងរខណៈកំពុងដើរឆ្លងផ្លូវមិនប្រយ័ត្នត្រូវបានម៉ូតូបុកពេញទំហឹងនៅវេលាម៉ោង ១៨និង០០នាទី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ តាមបណ្តោយផ្លូវលេខ០១ រ៉បស្ទឹងសង្កែ ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះជាស្ត្រីចំណាស់ម្នាក់បានធ្វើដំណើរឆ្លងកាត់ផ្លូវទិសដៅពីកើតទៅលិច ភ្លាមនោះស្រាប់តែមានម៉ូតូម៉ាកCLICK បើកបរដោយក្មេងស្រីសិស្សសាលាម្នាក់ក្នុងល្បឿនយ៉ាងលឿនទិសដៅពីជើងទៅត្បូងហើយបានជ្រុលចង្កូតទៅបុកជនរងគ្រោះពេញទំហឹងបណ្តាលឱ្យរងរបួសជើងម្ខាងធ្ងន់ធ្ងរ បន្ទាប់មកជនបង្កបានលើកម៉ូតូជិះគេចខ្លួនដោយសុវត្ថិភាព។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានសមត្ថកិច្ចនិងក្រុមគ្រូពេទ្យនាំយករថយន្តសង្រ្គោះមកដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្រ្គោះព្យាបាលភ្លាមៗផងដែរ។