គណកម្មការវិទ្យាល័យសម្តេចឪ បានប្រារព្ធពិធីបុណ្យផ្កាប្រាក់សាមគ្គី និងរាប់បាត្រប្រគេនព្រះសង្ឃ ១០៨អង្គ

បាត់ដំបង៖ នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣នេះ គណកម្មការវិទ្យាល័យសម្តេចឪ រួមជាមួយមាតាបិតាសិស្ស អតីតសិស្ស ព្រមទាំងសិស្សានុសិស្សនៃវិទ្យាល័យសម្តេចឪ បានស្រុះស្រួលមូលមតិគ្នាជាឯកច្ឆន្ទ ផ្តើមធ្វើបុណ្យផ្កាប្រាក់សាមគ្គី និងរាប់បាត្រព្រះសង្ឃ ១០៨អង្គ ដើម្បីប្រមូលបច្ច័យកសាងហេដ្ឋារចនាសម្ព័ន កែលម្អបរិស្ថានសាលារៀន និង ឧទ្ទិសព្រះរាជកុសលថ្វាយសម្តេចព្រះបរមរតនកោដ្ឋ ពិសេសបណ្តុះស្មារតី ហាត់ពត់ចិត្តគំនិតសិស្សានុសិស្ស យុវជន ឱ្យចេះធ្វើបុណ្យទានរក្សាទំនៀមទម្លាប់ប្រពៃណី វប្បធម៌ និងដើម្បីឧទ្ទិសកុសលជូនបុព្វការីជន ដែលបានចែកឋានទៅកាន់លោកខាងមុខ។

លោក ដួង ជីវ័ន្ដ នាយកវិទ្យាល័យសម្តេចឪ បានលើកឡើងថា ការប្រារព្ធពិធីបុណ្យផ្កាប្រាក់ និងរាប់បាត្រប្រគេនព្រះសង្ឃឡើងជារៀងរាល់ឆ្នាំនេះ ដោយសារសាលាមួយនេះជាសាលាព្រះករុណា ព្រះបរមរតនកោដ្ឋ ដូច្នេះយើងប្រារព្ធធ្វើឡើងដើម្បីឧទ្ទិសព្រះរាជកុសលថ្វាយសម្តេចព្រះបរមរតនកោដ្ឋ ហើយថវិកាដែលបានមក មួយចំនួនយើងយកទៅធ្វើរបង និងមួយចំនួនយើងយកទៅរៀបចំជាសួន និងបន្ទប់ប្រជុំ និងមានគម្រោងបន្តបន្ទាប់ទៀតដែលបានជំរាបជូនទៅ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួចមកហើយដើម្បីសុំធ្វើផ្លូវថ្នល់នៅក្នុងនេះ ដែលរងការបាក់បែកពីពេលកូវីដ។

ជាមួយគ្នានេះ លោកនាយកសាលាក៏បានថ្លែងអំណរគុណទៅដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ដែលជាមេកើយនៅក្នុងខេត្ត និងសម្តេច ឯកឧត្តម អស់លោក លោកស្រី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ដែលបានចូលរួមនៅក្នុងកម្មវិធីបុណ្យនេះ សូមជូនពរទទួលបាននូវពុទ្ធពរទាំងបួនប្រការ គឺអាយុវណ្ណៈ សុខៈពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាឡើយ។

CATEGORIES
Share This