ឯកឧត្តម សុខ លូ បន្តជួបសំណេះសំណាល និងបំពាក់កន្សែងដល់យុវជនកាកបាទក្រហមចំនួន ២០០នាក់មកពីសាលាគោលដៅចំនួន០៥
(បាត់ដំបង) ៖ នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានអញ្ចើញបន្តជួបសំណេះសំណាល និងបំពាក់កន្សែងដល់យុវជនកាកបាទក្រហមកម្ពុជាសរុបចំនួន ២០០នាក់ ដែលមកពីសាលាគោលដៅចំនួន៥ រួមមានវិទ្យាល័យសម្តេចឪ , វិទ្យាល័យព្រះមុនីវង្ស , វិទ្យាល័យនេតយ៉ង់, វិទ្យាល័យជ្រៃ ,និងវិទ្យាល័យអន្លង់វិល។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីកោតសរសើរពីលោកនាយកសាលា និងលោកគ្រូអ្នកគ្រូទីប្រឹក្សាយុវជន ព្រមទាំងក្មួយៗយុវជនកាកបាទក្រហមកម្ពុជា ពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានស្ម័គ្រចិត្តចូលរួមបំពេញការងារមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា និងចូលរួមអប់រំ ផ្សព្វផ្សាយបណ្ដុះស្មារតីនៃវប្បធម៌ចែករំលែកក្នុងគ្រឹះស្ថានសិក្សា និងសហគមន៍ ព្រមទាំងព្យាយាមពង្រឹង និងពង្រីកសមត្ថភាពយុវជន និងបណ្ដាញយុវជនកាន់តែច្រើនជាបន្ដបន្ទាប់ថែមទៀត។
ឯកឧត្តមបានបញ្ជាប់ថា ការបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជា នាឱកាសនេះគឺជាចំណែកថ្មីមួយទៀតក្នុងការពង្រឹងនិងពង្រីកបណ្ដាញយុវជនដើម្បីលើកកម្ពស់គោលការណ៍គ្រឹះទាំង៧ និងគុណតម្លៃមនុស្សធម៌របស់ចលនាអន្ដរជាតិ ស្របតាមវិស័យអាទិភាពទាំង៤ នៃយុទ្ធសាស្ដ្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ហើយឯកឧត្តមសង្ឃឹមជឿជាក់ថា ក្មួយៗយុវជនកាកបាទក្រហមកម្ពុជា ទាំងអស់នឹងបន្ដចែករំលែកនូវចំណេះថ្មីៗដែលខ្លួនមាន ជូនដល់សិស្សផ្សេងទៀតបានដឹង និងយល់កាន់តែច្បាស់ពីកាកបាទក្រហមកម្ពុជា ជាពិសេសបន្ដគាំទ្រសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ឱ្យកាន់តែប្រសើរឡើង ដើម្បីឆ្លើយតបស្របតាមតម្រូវការជាក់ស្ដែងរបស់ជនរងគ្រោះ និងជនងាយរងគ្រោះក្នុងគ្រឹះស្ថានសិក្សា និងសហគមន៍របស់ខ្លួន។
ទន្ទឹមនឹងនេះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា សូមពាំនាំនូវអនុសាសន៍របស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ញើជូនចំពោះលោកគ្រូ អ្នកគ្រូនិងប្អូនៗយុវជនទាំងអស់-សូមបន្ដខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីពង្រឹង និងពង្រីកចំណេះដឹងរបស់ខ្លួនឱ្យកាន់តែប្រសើរឡើងថែមទៀត ស្របតាមស្ថានភាពរីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា -បន្ដពង្រឹង និងពង្រីកបណ្ដាញយុវជនកាកបាទក្រហមកម្ពុជា ពីក្នុងចំណោម សិស្ស នៅក្នុងគ្រឹះស្ថានសិក្សា ដើម្បីផ្ដល់ឱកាសឱ្យពួកគេចូលរួមការងារមនុស្សធម៌ដូចភ្លៀងរលឹម -សូមយកចិត្តទុកដាក់ចំពោះសិស្ស និងយុវជនកាកបាទក្រហមកម្ពុជា ដែលមានជីវភាពខ្វះខាត ហើយកំពុងសិក្សានៅក្នុងគ្រឹះស្ថានសិក្សាជាមុន និងសិស្ស និស្សិត កុមារកំព្រា ចាស់ជរា នៅតាមសហគមន៍ជាក្រោយ -បន្តលើកទឹកចិត្តដល់សមាជិកយុវជនកាកបាទក្រហម ដែលសកម្មនឹងការងារទៅតាមលទ្ធភាព ដើម្បីឱ្យពួកគេមានឆន្ទៈបន្ដសកម្មភាពមនុស្សធម៌នានាឱ្យបានកាន់តែច្រើនថែមទៀត – បន្តពង្រឹងនិងពង្រីកនូវវប្បធម៌ចែករំលែក មិត្តអប់រំមិត្ត អ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះសោះ ទៅកាន់សិស្សានុសិស្ស និងយុវជនកាកបាទក្រហមកម្ពុជា នៅក្នុងគ្រឹះស្ថានសិក្សា និងសហគមន៍នានា , បន្ដធ្វើសកម្មភាពទាំងឡាយណាដែលផ្ដល់ប្រយោជន៍ដល់សង្គមជាតិ ដោយធ្វើខ្លួនជាកូនល្អ និស្សិតល្អ និងពលរដ្ឋល្អ ចៀសវាងចាញ់បោកការឃោសនារបស់ជនអគតិមួយក្ដាប់តូចដែលតែងតែបំពុលសង្គមតាមគ្រប់រូបភាពនានាលើបណ្ដាញសង្គម។
ជាមួយគ្នានេះសាខាខេត្តបានផ្តល់ជូននូវ ឯកសណ្ឋាន(អាវ មួក កន្សែង) ដល់យុវជនសរុបចំនួន ២០០នាក់ និងលោកគ្រូ អ្នកគ្រូទីប្រឹក្សាសាលាគោលដៅ ទទួលបានសៀវភៅកូលាបក្រហមដងទន្លេមេគង្គនិងឯកសារមួយចំនួនផងដែរ ។