នគរបាលក្រុងសិរីសោភ័ណ បើកប្រតិបត្តិការទ្រង់ទ្រាយធំ បង្ក្រាបបានក្មេងទំនើង៤២នាក់ និងម៉ូតូ២៣គ្រឿង

បន្ទាយមានជ័យ ៖ អនុវត្តន៍តាមការណែនាំ និង បទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ លើការលុបបំបាត់រាល់បទល្មើសក្មេងទំនើង តាមបណ្តាស្រុក-ក្រុង ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម កម្លាំងនគរបាលក្រុងសិរីសោភ័ណ បានបង្រ្កាបបានក្មេងទំនើង៤២នាក់ កាលពីពីយប់ថ្ងៃទី១០ ខែកញ្ញា ចាប់ពីម៉ោង ២៣:០០នាទី យប់រហូតដល់ម៉ោង០៤ទៀបភ្លឺថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ។

ប្រតិបត្តិការនេះធ្វើឡើងដោយ កម្លាំងអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ សហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានចេញប្រតិបត្តិការល្បាតទប់ស្កាត់បទល្មើស និងបានពិនិត្យលើក្មេងដើរលេងរំលងអធ្រាត ក្នុងភូមិសាស្ត្រក្រុងបានចំនួន៤២នាក់ ក្នុងនោះស្រី១២នាក់ និងម៉ូតូ២៣គ្រឿង ។ ក្នុងចំណោមក្មេងទាំង៤២នាក់ ស្រី១២នាក់ យើងរកឃើញក្មេងដែលមានការ ពាក់ព័ន្ធបទល្មើសចំនួន០៦នាក់ ដូចខាងក្រោម ៖ ១-ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ០៤នាក់ស្រី០១នាក់ ។ ២-ពាក់ព័ន្ធបទល្មើសកែច្នៃ បំពង់ស៊ីម៉ាំងម៉ូតូអោយលឺសំលេងខ្លាំង០២នាក់ស្រី០១នាក់ម៉ូតូ០២គ្រឿង ។

ចំពោះក្មេងទំនើងដែលពិនិត្យមិនមានការពាក់ព័ន្ធនឹងបទល្មើសចំនួន ៣៦នាក់ស្រី១១នាក់ ត្រូវបានអប់រំ អោយទៅផ្ទះវិញ និងក្មេងដែលកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូអោយលឺសម្លេងខ្លាំង ចំនួន០២នាក់ ស្រី០១នាក់ បានអប់រំណែ នាំអោយធ្វើការដោះដូរសំពងស៊ីម៉ាំង ដែលមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ បំពាក់ដោយក្រុមហ៊ុន ទើបប្រគល់ម៉ូតូអោយប្រើប្រាស់វិញ ។

ចំពោះក្មេងដែលមានការពាក់ព័ន្ធ នឹងបទល្មើសគ្រឿងញៀន សមត្ថកិច្ចបានឃាត់ខ្លួន នៅអធិការដ្ឋានដើម្បី សួរនាំរកអ្នកពាក់ព័ន្ធបន្ត ៕

CATEGORIES
Share This