ពលរដ្ឋរងគ្រោះដោយទឹកជំនន់ ១៧៩គ្រួសារ ទទួលអំណោយ កាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង

បាត់ដំបង ៖ នៅរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តមសុខ លូ  អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋ ក្រីក្ររងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន១៧៩គ្រួសារ មកពី៧ភូមិ ក្នុងឃុំព្រែកហ្លូង ស្រុកឯកភ្នំ ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះបំផុត ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ និងសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមថែទាំសុខភាពនិងប្រុងប្រយ័ត្នខ្ពស់ចំពោះចាស់ជរានិងកុមារដោយយថាហេតុណាមួយ និងសូមប្រកាន់ភ្ជាប់នូវការរស់នៅស្អាត ហូបស្អាត និងផឹកស្អាត និងត្រូវខិតខំប្រឹងប្រែងបង្កបង្កើនផលនិងប្រកបមុខរបរផ្សេងៗដើម្បីទ្រទ្រង់ជីវភាពគ្រួសារបានល្អប្រសើរឡើង ។

ឯកឧត្តម សុខ លូ មានប្រសាសន៍ថា “នៅក្នុងភូមិសាស្ត្របាត់ដំបង បានទទួលរងនូវសម្ពាធទាបមានភ្លៀង ធ្វើឲ្យមានជំនន់ភ្លៀងយ៉ាងឆាប់រហ័ស និងមានកម្លាំងទឹកហូរខ្លាំង ដែលធ្វើឲ្យផលប៉ះពាល់ទៅដល់ទ្រព្យសម្បត្តិ ដំណាំស្រូវ ចម្ការមួយចំនួន របស់ប្រជាពលរដ្ឋនៅក្នុងខេត្ត ជាពិសេសស្រុកឯកភ្នំ និងសូមថ្លែងអំណរគុណចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ដែលបានគិតគូរដល់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ និងបានធ្វើការស្នើសុំជំនួយពីសាខាភ្លាមៗដើម្បីជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះឲ្យបានទាន់ពេល ។

ថ្លែងក្នុងឱកាសនោះឯកឧត្តម បានបញ្ជាក់ជូនថា សព្វថ្ងៃនេះដោយសារការប្រែប្រួលអាកាសធាតុជាសកល បានបង្កឲ្យមានផលប៉ះពាល់ទី១ ផ្នែកកសិកម្ម ទី២ សុខភាពសាធារណៈ ទី៣ គឺជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធសាធារណៈរបស់ជាតិមួយចំនួនត្រូវបានកាត់ផ្ដាច់ ហើយម្យ៉ាងវិញទៀតក្នុង រយៈពេល ២០ ឆ្នាំចុងក្រោយនេះយើងឃើញថាព្រឹត្តិការណ៍គ្រោះមហន្តរាយផ្សេងៗគឺថាមានទំហំធំហើយញឹកញាប់និងរងគ្រោះធ្ងន់ធ្ងរជាមុន ។

ឯកឧត្តមបានថ្លែងបន្តថា កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា មិនមែនធ្វើតែការផ្តល់អំណោយសង្គ្រោះនោះទេ គឺយើងធ្វើការងារពាក់ព័ន្ធទៅនឹងការងារសុខភាពសាធារណៈ ហើយរដូវនេះជារដូវភ្លៀង យើងមានការចុះអប់រំផ្សព្វផ្សាយអំពីជំងឺគ្រុនឈាម គ្រុនចាញ់ និងមានការងារបរិស្ថាន ហើយកាកបាទក្រហមកម្ពុជា ក៏បានចូលរួមនិងផ្សព្វផ្សាយតាមរយៈអ្នកស័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជាជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកផងដែរ ។

សូមបញ្ជាក់ថា គ្រួសារនីមួយៗ ទទួលបាន ៖ អង្ករ ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ទឹកបរិសុទ្ធ១កេស, ទឹកត្រី៦ដប, ទឹកស៊ីអ៉ីវ៦ដបផងដែរ ៕
ដោយ ៖ សាលី

CATEGORIES
Share This