ព្រះវិហារបើកយុទ្ធនាការបរិច្ចាកឈាម ដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាកំណើតកងយោធពលខេមរភូមិន្ទ

ព្រះវិហារ៖ «ផ្ដល់ឈាម ផ្ដល់ក្ដីស្រាញ់» ជាប្រធានបទមួយក្នុងយុទ្ធនការបរិច្ចាកឈាមវិលជុំ នៅតាមបណ្ដាក្រុងស្រុកទូទាំងខេត្តព្រះវិហារ ដែលផ្ដួចផ្ដើមឡើងអភិបាលខេត្តព្រះវិហារ ក្នុងគោលបំណងដើម្បីរួមចំណែកក្នុងការបំពេញតម្រូវការឈាម ទៅដល់មន្ទីរពេទ្យបង្អែក១៦មករា ដែលបាននិងកំពុងមានបញ្ហាប្រឈមកង្វះឈាម ដើម្បីជួយសង្រ្គោះដល់ជនរងគ្រោះ និងអ្នកជំងឺដែលត្រូវការឈាមចាំបាច់ជារៀងរាល់ថ្ងៃ។

ជាក់ស្ដែងនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាល​ខេត្តព្រះវិហារ បានបន្ដដឹកនាំនាយទាហាន នាយទាហានរង និងពលទាហានប្រមាណជាង ២៥០នាក់ ចូលរួមបរិច្ចាកឈាមជូនមន្ទីរពេទ្យបង្អែក១៦មករាខេត្ត និងដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាកំណើតកងយោធពលខេមរភូមិន្ទ (១៩៥៣២០២៣)

ពិធីនេះប្រព្រឹត្តិទៅនៅបរិវេណទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ដែលមានការចូលរួម​ពី​សំណាក់ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ព្រមទាំងអភិបាល​រងខេត្ត ​ថ្នាក់ដឹកនាំមន្ទីរអង្គភាព អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ​កងកម្លាំង ពលទាហាន ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ​ប្រចាំខេត្តព្រះវិហារ រួមនិងយុវជនសហភាព​សហព័ន្ធយុវជន​កម្ពុជា​ជាច្រើនរូបទៀត។

ថ្លែងក្នុងឱកាសនោះឯកឧត្ដម គីម រិទ្ធី ​បានសម្តែងនូវក្តីរីករាយសប្បាយរីករាយ ​និង​ថ្លែង​អំណរគុណ​ចំពោះវត្តមាន នាយទាហាន នាយទាហានរង ​និងពលទាហានទាំងអស់ ដែលបាន ចូលរួម​ដោយស្ម័គ្រចិត្ត ក្នុងការបរិច្ចាគឈាមនាពេលនេះ ​ដែលជាផ្នែកមួយនៃការលើកកម្ពស់វិស័យ​មនុស្សធម៌ ​ក្រោមពាក្យស្លោក ផ្តល់ឈាម គឺផ្តល់ក្តីស្រលាញ់។

ឯកឧត្តម បន្តទៀតថា ការផ្តល់ឈាមដោយស្ម័គ្រចិត្តជាប្រភពឈាមតែមួយគត់ ដែលអាច​ផ្តល់​ឈាមប្រកបដោយ ចីរភាព ដើម្បីផ្គត់ផ្គង់ដល់មន្ទីរពេទ្យខេត្តព្រះវិហារយើង ក្នុងការយកទៅ​ជួយ​សង្គ្រោះអាយុជីវិត ​ជនរងគ្រោះទូទៅ ​ដែលបណ្តាលមកពីកត្តាផ្សេងៗជាច្រើន ដែលពួកគាត់​មានតម្រូវការឈាម។

ទន្ទឹមគ្នានេះឯកឧត្តមអភិបាលខេត្តព្រះវិហារ ក៏បានថ្លែងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ​ និង​តួអង្គពាក់ព័ន្ធ ​ពិសេសកងកម្លាំងចូលរួមបរិច្ចាគឈាម ​ដើម្បីសង្គ្រោះជីវិតមនុស្ស ព្រោះវាជាកាយ​វិការ​ប្រកប​ដោយ​មនុស្សធម៌​ដ៏មានតម្លៃបំផុត​ ដែលយើងគ្រប់រូបគួរចូលរួមទាំងអស់គ្នា៕

CATEGORIES
Share This