ពេទ្យឆ្មបមធ្យមម្នាក់ត្រូវបានឃាត់ខ្លួនក្រោយធ្វើការរំលូតកូនបណ្តាលឲ្យស្ត្រីមានគភ៌ម្នាក់រងរបួសធ្ងន់ និងស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

(បាត់ដំបង) ÷ ស្រ្តីជាពេទ្យឆ្មបម្នាក់ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូនធ្វើការឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ក្រុមគ្រួសារស្ត្រីរងគ្រោះក្រោយបានធ្វើការរំលូតកូនអោយស្ត្រីម្នាក់បណ្តាលឱ្យរងរបួសធ្ងន់ និងស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។

កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១០និង៣២នាទី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នៅចំណុចក្រុមទី០៧ ភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ធឿន នឿន ហៅ ណាក់ ភេទស្រី អាយុ ៥២ឆ្នាំ មុខរបរពេទ្យឆ្មបមធ្យម មានទីលំនៅភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យខាងលើកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១៥និង១០នាទី រូបគេបានធ្វើការរំលូតកូនឲ្យស្ត្រីដែលមានគភ៌ម្នាក់ ឈ្មោះ ស៊ូ ម៉ាឡៃ អាយុ ៣៦ឆ្នាំ មានទីលំនៅបណ្តោះអាសន្ន ក្នុងភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិនបណ្តាលអោយរងរបួសធ្ងន់ បន្ទាប់មកបានបញ្ចូនបន្តទៅកាន់មន្ទីរពេទ្យបង្អែកស្រុកសំពៅលូន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ហើយក្រោយមកដោយជនរងគ្រោះមានសភាពយ៉ាប់យ៉ឺនខ្លាំងរហូតដល់ថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១៣និង៥០នាទី ក៏បានបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង និងបានស្លាប់នៅទីនោះតែម្តង ។

លោក ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានបញ្ជាក់អោយដឹងនៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា ជនសង្ស័យខាងលើក្រោយពីឃាត់ខ្លួនយកមកសាកសួររួច រហូតមកដល់ពេលនេះត្រូវបានសមត្ថកិច្ចបញ្ជូនបន្តទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងហើយដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

CATEGORIES
Share This