រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនធ្វើទស្សនកិច្ចមជ្ឈមណ្ឌលប្រតិបត្តិការនិងថែទាំផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនិងស្ថានីយបង់ប្រាក់ទី១

កំពង់ស្ពឺ៖ រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនលោក ប៉េង ពោធិ៍នា ធ្វើទស្សនកិច្ចមជ្ឈមណ្ឌលប្រតិបត្តិការនិងថែទាំផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនិងស្ថានីយបង់ប្រាក់ទី១ “ភ្នំពេញ” ដើម្បីស្វែងយល់បន្ថែមអំពីប្រតិបត្តិការ និងការអនុវត្តការងារប្រចាំថ្ងៃ របស់ក្រុមហ៊ុនខេមបូឌាន ភីភីអេសអេចវី អិចប្រេសវ៉េ ឯ.ក (Cambodian PPSHV Expressway Co., Ltd.) ដែលទស្សនៈកិច្ចធ្វើឡើងនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក ប៉េង ពោធិ៍នា បានគូសបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានជំរុញដល់ការកសាងផ្លូវនិងស្ពានក្នុងប្រទេសកម្ពុជា ដែលជាសរសៃឈាមដ៏សំខាន់សម្រាប់ការធ្វើដំណើរនិងការដឹកជញ្ជូនទំនិញផ្សេងៗ។បច្ចុប្បន្នផ្លូវនិងស្ពានជាច្រើនខ្សែត្រូវបានលើកកម្ពស់ កែលម្អរ និងសាងសង់ឡើងថ្មីតភ្ជាប់គ្នាយ៉ាងប្រទាក់ក្រឡានៅទូទាំងប្រទេស។ហើយតាមរយៈសមិទ្ធផលផ្លូវ និងស្ពានដែលសម្រេចបានទាំងនេះ បាននិងកំពុងដើរតួយ៉ាងសំខាន់ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដឹកជញ្ជូនទំនិញ ពិសេសក៏បានរួមចំណែកទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុនរកស៊ីនៅក្នុងប្រទេសកម្ពុជាផងដែរ។

ទន្ទឹមនឹងនេះដែររាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ដឹកនាំដោយសម្តេចបវរ ហ៊ុន ម៉ាណែត នៅតែបន្តរក្សាមហិច្ឆតាសាងសង់ផ្លូវ និងស្ពាន ព្រមទាំងលើកកម្ពស់គុណភាពឱ្យកាន់តែល្អប្រសើរបន្ថែមទៀតផងដែរ។ជាមួយនឹងការខិតខំ ដើម្បីសម្រួលដល់ជីវភាព រស់នៅរបស់ ប្រជាព លរដ្ឋទាំងការដឹកជញ្ជូននិងការធ្វើដំណើរ ផ្លូវល្បឿនលឿនក៏កំពុងដើរតួយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ការពន្លឿនខឿនសេដ្ឋកិច្ចជាតិផងដែរ។

សូមបញ្ជាក់ថាមជ្ឈមណ្ឌលប្រតិបត្តិការនិងថែទាំផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុគឺជាមណ្ឌលកណ្តាលបណ្តុំនូវការងាររដ្ឋបាល និងការងារគ្រប់គ្រងដំណើរប្រតិបត្តិការ លើខ្សែផ្លូវល្បឿនលឿនទាំងមូល ដើម្បីធានាបាននូវប្រសិទ្ធភាពការងារ និងសេវាកម្មល្អសម្រាប់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប។ ក្នុងនោះដែរការងារចម្បងធំៗចំនួន៤ របស់មជ្ឈមណ្ឌលគឺ៖ (១)ត្រួតពិនិត្យស្ថានភាពផ្លូវជាប្រចាំ (២) ត្រួតពិនិត្យ និងសម្រួលចរារចណ៍ (៣) ត្រួតពិនិត្យការងារទូទាត់ប្រាក់តាមបញ្ជរ និង(៤) ការងារឆ្លើយតបនឹងសេវាកម្ម Hotline 1399 ។

CATEGORIES
Share This