រថយន្តជាច្រើនគ្រឿង បុកបន្តកន្ទុយគ្នា បណ្តាលអោយមនុស្ស០៣នាក់ រងរបួសធ្ងន់ស្រាល

បាត់ដំបង ៖ យ៉ាងហោចណាស់មនុស្ស០៣នាក់ បានរងរបួសធ្ងន់ស្រាល ចំណែករថយន្ត០៤គ្រឿង ខូចខាតយ៉ាងដំណំ ក្រោយបានបុកបន្តកន្ទុយគ្នា នៅវេលាម៉ោង ២១និង០០នាទីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុងភូមិត្រោះ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញរថយន្ដសាក់ស័រ ប្រភេទឈូសដី០១គ្រឿង បើកបរក្នុងទិសដៅពីត្បូង ទៅជើង (បាត់ដំបង ទៅ បន្ទាយមានជ័យ) លុះមកដល់ចំណុចកើតហេតុក៏បានឈប់ ភ្លាមនោះ ក៏មានរថយន្តកូរ៉េ ISUZU ពណ៌ស០១គ្រឿង ពាក់​ស្លាកលេខ​ បាត់ដំបង 3A-0474 បើកបរ​ដោយបុរសម្នាក់ ក្នុងទិសដៅស្របគ្នា បានជ្រុលមកបុកពីក្រោយ បន្ទាប់មកក៏មានរថយន្តក្រុងពណ៌លឿង ០១គ្រឿងផ្សេងទៀត ពាក់ស្លាកលេខ ភ្នំពេញ 3C-5931ជ្រុលមកបុកពីក្រោយធ្វើអោយរថយន្តកូរ៉ ប៉ើងទៅប៉ះរថយន្តម៉ាក ALPHARD ពាក់ស្លាកលេខ ភ្នំពេញ 2BX-2735 ដែលកំពុងឡើងជែងបណ្តាលខូចខាតទាំង០៤គ្រឿង និងមនុស្ស០៣នាក់ រងរបួសធ្ងន់ស្រាលតែម្តង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅដល់ធ្វើគំនូសហេតុ និងដឹកបញ្ជូនជនរងគ្រោះ​ ទៅព្យាបាលនៅឯមន្ទីរពេទ្យ ចំណែករថយន្តទាំង០៤គ្រឿងត្រូវបានវាស់វែងធ្វើកំណត់ហេតុ យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕
ដោយ ៖ សាលី

CATEGORIES
Share This