រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រារឰទិវាអបអសាទរ ខួបលើកទី៤៥ នៃកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ២-ធ្នូ-២០២៣
បន្ទាយមានជ័យ ៖ នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រារឰទិវាអបអសាទរ ខួបអនុស្សារីយ៍លើកទី៤៥ នៃកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ២-ធ្នូ-២០២៣ នៅសាលាខេត្តបន្ទាយមានជ័យ ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា អង្គមិទ្ទិញនាពេលនេះ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងរំលឹកឡើងវិញ នូវទិវាជាប្រវត្តិសាស្ត្រ នៃដំណើរចាប់ផ្ដើមរស់រានមានជីវិត របស់ជាតិមាតុភូមិ និងប្រជាជនកម្ពុជា និងដើម្បីប្រកាសជាឱឡារិកថា រណសិរ្ស ២ ធ្នូ មិនត្រឹមតែសង្គ្រោះយើងទាំងអស់គ្នាឱ្យចាកផុតពីគ្រោះមហន្តរាយ នៃរបបប្រល័យពូជសាសន៍ប៉ុណ្ណោះទេ ប៉ុន្តែ រណសិរ្ស ២ធ្នូ ក៏បានរួមចំណែកយ៉ាងធំធេង ជាមួយរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ក្នុងការស្ដារកសាង និងអភិវឌ្ឍន៍សង្គមជាតិ នៅគ្រប់ដំណាក់កាល ធ្វើឱ្យមាតុភូមិកម្ពុជា ប្រែមុខមាត់ថ្មីជាបន្តបន្ទាប់ ។
ឯកឧត្តម អ៊ុំ រាត្រី បានបន្តថា ឈរលើមូលដ្ឋាន នៃសុខសន្តិភាព និងស្ថិរភាពនយោបាយ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ដែលមាន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំដ៏ឈ្លៀសវៃ ព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធីខួបអនុស្សាវរយ៍លើកទី៧០ បុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក បង្កក្ដីសោមនស្សរីករាយ ជូនប្រជាជនកម្ពុជាទូទាំងប្រទេស ។ ទន្ទឹមនេះ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានដំណើរការមហាសន្និបាតលើកទី៦ ដែលមានចក្ខុវិស័យវែងឆ្ងាយ គ្រប់ជ្រុងជ្រោយ ក្នុងការរួមចំណែកធ្វើឱ្យកម្ពុជា បានដាក់ចេញនូវគោលដៅអភិវឌ្ឍន៍ដើម្បីក្លាយទៅជាប្រទេសមាន ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ៕