បែកធ្លាយរឿងអាស្រូវ រដ្ឋបាលស្រុកវាលវែង និងអាជ្ញាធរខេត្តពោធិ៍សាត់ ឃុបឃិតគ្នា យកដីដែលប្រជាពលរដ្ឋធ្លាប់អាស្រ័យផលទៅឱ្យអ្នកផ្សេង
ខេត្តពោធិ៍សាត់ ៖ រហូតមកដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះ ការពិតត្រូវបានបែកធ្លាយហើយ បន្ទាប់ពីជនរងគ្រោះជាម្ចាស់ដី ដែលធ្លាប់អាស្រ័យផល បានស្រាវជ្រាវ ស្រាប់តែឃើញដីនោះត្រូវបានរដ្ឋបាលស្រុកវាលវែង ពោលគឺអាជ្ញាធរខេត្តពោធិ៍សាត់ ជាមួយនឹងមន្ទីរជំនាញខេត្ត យកដីចំការចំនួន១២ហិកតា ដែលខ្លួនធ្លាប់អាស្រ័យផលអស់រយ:ពេលជាច្រើនឆ្នាំ ទៅឱ្យអ្នកផ្សេង ដោយយកលេសគ្រប់បែបយ៉ាងថា ជាដីតំបន់អភិរក្សបរិស្ថាន តំបន់ការពារធនធានធម្មជាតិ ខណ:ដែលដីអ្នកដទៃនៅជាប់នឹងដីនេះ រាប់សិបហិកតា ត្រូវបានគេវាស់វែង ចែកគ្នាសង់លំនៅឋានខ្ទេចខ្ទីអស់រលីងទៅហើយ។ រីឯលិខិត ដែលចេញពីខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដើម្បីឱ្យខាងរដ្ឋបាលឃុំ ស្រុក ខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ជួយដោះស្រាយ បែរជាគេយកទៅផ្អិបទុកវិញ។
ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ដីចំការមួយកន្លែង ដែលប្រជាពលរដ្ឋរងគ្រោះខាងលើធ្លាប់អា ស្រ័យផល ហើយត្រូវអាជ្ញាធរខេត្តពោធិ៍ យកទៅឱ្យឈ្មួញមានលុយ ធ្វើរបងហ៊ុព័ទ្ធជុំវិញនេះ ស្ថិតនៅចំនុចជាប់អាងស្តុបទឹកវារីអគ្គិសនីអាតៃ ត្រង់ផ្លូវកែងផ្នែកខាងត្បូង ឡើងពីអូរក្របីងាប់ ជាប់នឹងដីរបស់ជំទាវម្នាក់ ក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។
បើតាមប្រភពព័ត៌មានពីម្ចាស់ដី ឈ្មោះ សោ សិរីវុឌ្ឍ អាយុ២៧ឆ្នាំ រស់នៅក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានរៀបរាប់ទាំងអួលដើមក. និងសោកស្តាយ ឱ្យភ្នាក់ងារយើងដឹងថា ៖ ដីចំការខាងលើ គឺឪពុករបស់ខ្លួន ឈ្មោះ សោ ហុង (ស្លាប់) បានអាស្រ័យផល អស់រយ:ពេលជាច្រើនឆ្នាំ ចាប់តាំងពីមានការឈូសឆាយបាតអាងវារីអាគ្គិសនី អាតៃ កាលពីឆ្នាំ២០១១ មកម្លេះ ដោ យដីខាងលើ មានការដាំដំណាំចេក ក្រូចឆ្មា ដើមប័រ និងដំឡូងមីជាដើម ប្រជាពលរដ្ឋក្នុងភូមិក៏ដឹងឮគ្រប់ៗគ្នាដែរ។ លោកបន្តទៀតថា កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម ម៉ៅ ធនិន អតីតអភិបាលខេត្តពោធិ៍សាត់ បានចារលើលិខិតស្នើសុំអាស្រ័យផលរបស់លោក ដែលធ្លាក់មកពីថ្នាក់លើ យកទៅជូនខាងអភិបាលស្រុកវាលវែង ខាងមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងមេឃុំអូរសោម ដើម្បីចុះពិនិត្យដោះស្រាយវាស់វែងជាក់ស្តែងជូនមកលោកវិញ។ តែបែរជាពួកគេធ្វើព្រងើយ ក្រោយពីឪពុករបស់ខ្លួនបានទទួលមរណភាពកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦។ ហើយក៏រុញដាក់គ្នាទៅវិញទៅមក ដោយយកលេសគ្រប់បែបយ៉ាងថា រក្សាទុកជាដីតំបន់អភិរក្សបរិស្ថាន និងជាដីតំបន់ការពារធនធានធម្មជាតិ ដាំដុះដើមឈើឡើងវិញ។ លោកបញ្ជាក់ទៀតថា តែអ្វីដែលធ្វើឱ្យលោកភ្ញាក់ផ្អើលនោះគឺ ដីដែលលោកធ្លាប់អាស្រ័យផល ត្រូវបានឈ្មួញម្នាក់ ឈ្មោះ ហួត ចាន់យ៉ារ៉េត ប្រពន្ធ ឈ្មោះ សូ ស្រីមុំ បានធ្វើប្លង់កម្មសិទ្ធិគ្របដណ្តប់អស់រលីងបាត់ទៅហើយ។ លោកក៏សុំឱ្យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះ រាជាណាចក្រកម្ពុជា ជួយអន្តរាគមន៍ដល់លោកដែលទន់ខ្សោយផងដែរ។
បើតាមការរៀបរាប់ពីបុរស ឈ្មោះ ហឿន អាយុ៦០ឆ្នាំ រស់នៅក្បែរអាងវារីអាគ្គិសនី អាតៃ ខាងលើបានឱ្យដឹងថា ៖ កាលដែលលោក សោ ហុង នៅរស់លោកបានវាស់ដីឱ្យគាត់ និងកូនគាត់ម្នាក់ទៀត ឈ្មោះ ហាក់ ណែត ភេទប្រុស និងវាស់ឱ្យឈ្មោះ ម៉ាប់ ភេទប្រុស ថែមទាំងវាស់ទៅឱ្យអតីតស្មៀនឃុំអូរសោម ដោយអ្នកខ្លះបានក្បាលដីប្រវែង៥០ម៉ែត្រ ខ្លះ១០០ម៉ែត្រ ព្រោះលោក សោ ហុង យកចិត្តពួកគាត់ ដើម្បីឱ្យជួយមើលដីរបស់ខ្លួន។ រីឯសាក្សីម្នាក់ទៀត ឈ្មោះ ណូ យ៉ា ភេទស្រី អាយុ៥៤ឆ្នាំ បានឱ្យដឹងដែរថា ៖ ដីចំការខាងលើ ដែលគេយករបងលួសទៅហ៊ុព័ទ្ធ ត្រូវបានលោក សោ ហុង អាស្រ័យផលអស់រយ:ពេលជាយូរឆ្នាំមកហើយ មិនមែនកាប់ឆ្ការព្រៃបរិស្ថានអ្វីនោះទេ គឺអាស្រ័យផលដីបាតអាងវារីអគ្គិសនី អាតៃប៉ុណ្ណោះ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ ភ្នាក់ងារយើងមិនអាចទាក់ទងទៅលោក កេន កែវ មេឃុំអូរសោម ដើម្បីបំភ្លឺបានទេ ព្រោះទូរស័ព្ទអត់ចូល។ រីឯលោក វង់ អេង អភិបាលស្រុកវាលវែង បានឱ្យដឹងថា ៖ ខាងលោកអត់ដឹងរឿងនេះទេ ព្រោះលោក ទើបតែនឹងឡើងកាន់តំណែងជាអភិបាលស្រុកវាលវែងក្រោ យគេ។
ភ្នាក់ងារយើងក៏មិនអាចទាក់ទងទៅលោក គង់ ពុទ្ធារ៉ា ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ដើម្បីបំភ្លឺបានដែរ ព្រោះទូរស័ព្ទចូលគ្មានអ្នកទទួល។ តែលោកធ្លាប់អះអាងថា ដីខាងលើជាដីបរិស្ថាន ទុកសម្រាប់ធនធានធម្មជាតិ។ ដោយឡែកលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ក៏ភ្នាក់ងារយើងមិនអាចទាក់ទងបំភ្លឺបានដែរ ខណ:ដែលរដ្ឋបាលខេត្តមួយនេះ បានចេញលិខិតបំភ្លឺព័ត៌មានកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ម្តងហើយថា ទីតាំងដីនេះ ត្រូវបានមន្ទីរបរិស្ថានខេត្តធ្វើការថែទាំឱ្យមានការដុះលូតលាស់កូនឈើឡើងវិញ រៀបចំទីស្នាក់ការប្រចាំការ និងរៀបចំជាមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវជីវ:ចម្រុះ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ហើយបានធ្វើការចុះបញ្ជីដីរដ្ឋតាមគោលការណ៍ និងនីតិវិធីតាំងពីឆ្នាំ២០២១មកម្លេះ។
សូមបញ្ជាក់ថា បច្ចុប្បន្នដីចំការតាំង១២ហិកតានេះ ត្រូវបានគេធ្វើប្លង់រួចរាល់អស់ហើយ មានទាំងលេខសម្គាល់ក្បាលដី មានទាំងឈ្មោះម្ចាស់កម្មសិទ្ធិថែមទៀតផង៕