ចៅអធិការវត្តភ្នំកន្ធាយ រងបណ្តឹងពីបទ រំលោភក្មេងស្រីអាយុ៩ឆ្នាំ

ព្រះវិហារ ៖ ព្រះគ្រូចៅអធិការវត្តភ្នំកន្ធាយ ព្រះនាម ទឹម ហ៊ុន បានរងបណ្ដឹងពីអាណាព្យាបាលកុមារីរងគ្រោះ អាយុ៩ឆ្នាំ និងអាចមានការពាក់ព័ន្ធ ជាមួយកុមារីជាបងម្នាក់ទៀត អាយុ១៣ឆ្នាំ ពីបទ លួងលោមរំលោភកូនស្រីរបស់គាត់ជាអនីតិជន ជាច្រើនដង នៅមិនទាន់មានការអនុវត្តផ្លូវច្បាប់ ។

តាមកុមារីរងគ្រោះ បានរៀបរាបទាំងទឹកភ្នែក និងអះអាងថា ខ្លួនត្រូវព្រះគ្រូចៅអធិការវត្តភ្នំកន្ធាយ ព្រះនាម ទឹម ហ៊ុន លួងលោមរំលោភ ចំនួន១០លើក ជាមួយនឹងការអោយលុយតិចតួច ។ ការបែកធ្លាយពីការចាប់រំលោភកុមារីរងគ្រោះ អាយុ៩ឆ្នាំនេះ ត្រូវបានឪពុកម្តាយដឹងបន្ទាប់ពីកូនស្រីបងម្នាក់ទៀត អាយុ១៣ឆ្នាំ ដែលមានទំនាក់ទំនងជាមួយលោក និងត្រូវបានជាងសំណង់ នៅវត្តចាប់រំលោភ (ជនបង្កត្រូវបានសមត្ថកិច្ចចាប់ខ្លួន) ទើបបានប្តឹងទៅប៉ុស្តិ៍នគរបាល បន្តទៅអធិការនគរបាលស្រុកគូលែន តាំងពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីជួយរកយុត្តិធម៌ និងបានទាមទារសំណងចំនួន២០លានរៀល និងស្នើឱ្យសមត្ថកិច្ចអនុវត្តច្បាប់ ចាត់ការទៅលើជនសង្ស័យ ឬអ្នកប្រព្រឹត្ត ទៅតាមផ្លូវច្បាប់។ ម្តាយជនរងគ្រោះជាអ្នកធ្វើចង្ហាន់ប្រគេនលោកប្រចាំវត្ត និងភាគច្រើនទាំងកូន ស្នាក់នៅក្នុងវត្ត មានទីលំនៅក្នុងឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។

ពួកគាត់បានអោយដឹងទៀតថា ដោយសារតែបានដាក់ពាក់បណ្តឹងយូរហើយ ពីស្រុកដល់ស្នងការខេត្ត និងខាងមន្ទីរកិច្ចការនារី ក៏បានដឹង ហើយបានចុះមកជាញឹកញាប់ជួបសំភាស និងផ្តលអំណោយ តែមិនដឹងជាហេតុអ្វី ស្រាប់តែការប្តឹងរបស់គាត់ សមត្ថកិច្ចមិនចាត់ការរកខុសត្រូវ ឬឃាត់អ្នកប្រព្រឹត្តបញ្ជូនទៅតុលាការទេ ។ ហើយគាត់ទៅសួរនាំជាច្រើនដង គេប្រាប់ថា គេកំពុងធ្វើការហើយ។ ដោយមិនទាន់ទទួលបានភាពយុត្តិធម៌ ចំពោះកូនស្រី គាត់សូមសំណូមពរដល់សម្តេចនាយករដ្ឋមន្រ្តី តុលាការ សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ជួយរកយុត្តិធម៌ ដល់ពួកគាត់ផង។

ទាក់ទងនិងករណីនេះ លោក វ៉ាន សុង ប្រធានគណៈកម្មាការវត្តភ្នំកន្ធាយ បានឲ្យដឹងពីប្រវត្តិ នៃព្រះគ្រូចៅអធិការវត្ដ ដែលរងបណ្តឹងខាងលើថា ដើមឡើយមិនដឹងលោកមកពីណាទេ បានមកសុំឲ្យលោកដែលជាអ្នកភូមិនៅទីនេះ ជួយរៀបចំវត្ត ដោយលោកមានចិត្តបុណ្យ លោកក៏សុំដីប្អូន និងជួយធ្វើកុដិរួចបានកើតជាវត្តរហូតមកដល់បច្ចុប្បន្ន។ បែជាត្រូវលោកចោទពួកគាត់ ជាអ្នករៀបចំធ្វើបាបលោក ទាំងគណៈកម្មការវត្តមិនមានចេតនា កាច់កុងណាមួយជាមួយលោកនោះទេ។ ចំណែករឿងរំលោភសេពសន្ថវៈនេះ មិនពាក់ព័ន្ធនឹងគណៈកម្មការវត្តនោះទេ គឺជា រឿងសមត្ថកិច្ច។ លោកសុំច្រានចោល រវាងពាក្យចចាមអារាមថា ករណីរំលោភនេះគឺជា ការរៀបចំដោយគណៈកម្មការវត្ត និងព្រះសង្ឃមិនត្រូវគ្នា។

ជុំវិញរឿងហេតុនេះដែរ លោកស្រី ផន កែវផុន អនុប្រធានមន្ទីរកិច្ចការនារី ខេត្តព្រះវិហារ បានឲ្យដឹងថា លោកស្រីបានទំនាក់ទំនងទៅជនរងគ្រោះ ហើយបានយកជនរងគ្រោះទៅមន្ទីរពេទ្យ ដើម្បីធ្វើកោសល្យវិច្ច័យរួចហើយ។ ក្នុងនោះលិខិតកោសល្យវិច័យរបស់គ្រូពេទ្យបានបង្ហាញថា ក្មេងស្រីរងគ្រោះ ពិតជាត្រូវបានគេរំលោភប្រដាប់ភេទ ពិតប្រាកដមែន ដោយមានរបួស និងទឹកមុខស្លេកស្លាំង។ លោកស្រីបន្តថា ក្នុងនាមមន្ទីរកិច្ចការនារី លោកស្រីបានចុះផ្សព្វផ្សាយ តាមមូលដ្ឋានមួយចំនួន ទៅតាមអ្វីដែលអាចធ្វើទៅបាន ដើម្បីជួយការពារនិងលើកកម្ពស់ស្ត្រី។ លោកស្រីបញ្ជាក់ទៀតថា នៅក្នុងស្រុកគូលែន មានបទល្មើសនៃការរំលោភបំពានផ្លូវភេទ លើស្ត្រីនិងក្មេងស្រី ច្រើនជាងស្រុកដទៃ។

ពាក់ព័ន្ធនឹងករណីនេះដែរ លោកវរសេនីយ៍ឯក ឱ សេង អធិការនគរបាលស្រុកគូលែន បានឲ្យដឹងថា ករណីនេះលោកបានទទួលបណ្ដឹងរបស់ជនរងគ្រោះរួចហើយ ហើយក៏បានបញ្ជូនសំណុំរឿងនេះ ទៅខាងការីរិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ រួចហើយដែរ។ លោកបញ្ជាក់ទៀតថា បើចង់រឿងដឹងរឿងច្បាស់ សូមសួរទៅចៅអធិការវត្តភ្នំកន្ធាយ ដែលរងការចោទប្រកាន់នោះផង ទើបល្អទាំងសងខាង។

ជុំវិញករណីខាងលើនេះ សារព័ត៌មានយើង មិនអាចទាក់ទងសុំការពន្យល់ ពីលោកស្នងការរងទទួលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារនីតិជននៃខេត្តព្រះវិហារ បានទេ កាលពីរសៀលថ្ងៃទី១៦ ខែកុម្ភៈ  ឆ្នាំ២០២៤ ដោយទូរស័ព្ទចូលជាច្រើនដង តែពុំមានអ្នកទទួល។

ពាក់ព័ន្ធនឹងករណីនេះដែរ មន្ត្រីតុលាការខេត្តព្រះវិហារ ក៏បានឲ្យដឹងថា ករណីបណ្ដឹងរំលោភសេពសន្តិវៈលើក្មេងស្រីនៅឃុំស្រយ៉ង់ ស្រុកគូលែននេះ គឺ មិនទាន់ដល់ដៃតុលាការនៅឡើយទេ។

ជុំវិញការចោទប្រកាន់ខាងលើនេះ ព្រះតេជគុណ ទឹម ហ៊ុន ដែលជាចៅអធិការវត្តភ្នំកន្ធាយ បានឲ្យដឹងតាមទូរសព្ទថា ករណីនេះ គឺ មិនពិតដូចការលើកឡើងនោះទេ គឺខាងគណៈកម្មាការវត្តរៀបចំគម្រោងធ្វើបាបព្រះអង្គ ដើម្បីអោយលោកចេញពីវត្ត ផ្តើមចេញពីរឿងលុយបួនលាន់រៀល និងលុយកឋិន ដែលមិនបានអោយទៅគណៈកម្មាការវត្ត ព្រោះលោកយកទៅកសាងអស់ហើយ។ ចំពោះឈ្មោះ សាន  បានប្រទះឃើញលោកនិងក្មេងស្រី នៅតែពីរនាក់ក្នុងព្រៃក្បែរវត្ត ហើយក្មេងស្រីស្រាតខោ ហើយយកទូរស័ព្ទថតលោកមានការប្រតាយប្រតប់គ្នានោះ គឺ មិនពិតទេ គឺពួកគាត់ នាំគ្នាទៅរកអុសហើយគេរៀបចំអោយក្មេងស្រី មកជិតហើយថតទើបព្រះអង្គប្រតាយប្រតប មិនអោយថត។

ដោយឡែកឈ្មោះ សាន ដែលជាអ្នករស់នៅជិតវត្ត បានអះអាងថា បានឃើញព្រះចៅអធិការវត្តភ្នំកន្ធាយ នៅជាមួយក្មេងស្រីទាំងនៅក្នុងព្រៃ នៅពេលនោះឃើញក្មេងស្រីអាក្រាតកាយ ហើយលោកមិនមានស្បង់ជីពរត្រឹមត្រូវ ក៏យកទូរស័ព្ទថត ដើម្បីការពារខ្លួនបែរជាត្រូវលោកប្រតាយប្រតប់ និងលោកដណ្តើមយកទូរស័ព្ទរបស់គាត់ បណ្តាលអោយបែកកញ្ចក់ហើយខូច។

ទោះជាយ៉ាងនេះក្តី ព្រះមេគណខេត្តព្រះវិហារ បានប្រាប់អ្នកសារព័ត៌មានថា រឿងនេះ គឺជា រឿងមិនពិតនោះទេ អាចមានការរៀបចំ ដោយសារតែក្នុងជួរគណៈកម្មការវត្តភ្នំកន្ធាយ មានការបែកបាក់សាមគ្គីគ្នា ហើយរឿងនេះព្រះអង្គនឹងអោយខាងលោក ចេញសេចក្តីជូនដំណឹងរឿងនេះអោយមហាជនដឹង៕

CATEGORIES
Share This