ជនសង្ស័យម្នាក់ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួន ករណីផលិតរូបភាពអាសអាភាស កំហែងយកប្រាក់ និងប្រើប្រាស់ថ្នាំញៀនខុសច្បាប់
បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនបញ្ជូនជាបន្តបន្ទាប់ទៅតុលាការ កាលពីរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ពាក់ព័ន្ធករណីផលិតរូបភាពអាសអាភាស កំហែងយកប្រាក់ និងប្រើប្រាស់ថ្នាំញៀនខុសច្បាប់ ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីស បានឱ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ ធឿន ភារិន (ទីណា) ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្ន រស់នៅភូមិអូរនាង សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ ជាមេបញ្ជា ធ្វើការស្រាវជ្រាវឃាត់ខ្លួន កាលពីវេលាម៉ោង១៤និង០០នាទី ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ពាក់ព័ន្ធករណី ផលិតរូបភាពអាសអាភាស កំហែងយកប្រាក់ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ដែលប្រព្រឹត្តកាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាមួយវត្ថុតាង មួយចំនួនដូចជា ៖ ១-ទូរស័ព្ទដៃម៉ាក CHINA MOBILE4G ពណ៌ទឹកប្រាក់ ចំនួន០១គ្រឿង, ២.ផ្លាសផ្ទុកវីដេអូ ចំនួន០១ ។
លោកបញ្ជាក់ថា ករណីនេះធ្វើឡើងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ .ស.ធ.រ ភេទស្រី អាយុ២០ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ដែលក្នុងបណ្ដឹងបានរៀបរាប់ថា រូបនាង និងជនសង្ស័យធ្លាប់មានទំនាក់ទំនងស្នេហាជាមួយគ្នាយូរមកហេីយ និងធ្លាប់រួមភេទជាមួយគ្នារហូតមានផ្ទៃពោះចំនួន០២ខែ ក្រោយមកត្រូវម្តាយដឹង ក៏ឈប់ឱ្យទំនាក់ទំនងគ្នាបន្តទៀត។ នៅឆ្នាំ២០២២ រូបនាងក៏បានទំនាក់ទំនងជាមួយជនសង្ស័យសារជាថ្មីម្ដងទៀត ដោយខលតាមឆាតហ្វេសបុក ជាមួយគ្នាស្ទេីររាល់ថ្ងៃ ហេីយជនសង្ស័យបានសុំអង្វរនាងដោះខោអាវចេញ(អាក្រាតកាយ) ហើយសុំរួមភេទតាមអនឡាញជាច្រេីនលេីកច្រេីនសារហើយដែរ។ តែត្រូវជនសង្ស័យលួចថតជាវីដេអូរ ពេលខ្លួនរួមភេទតាមអនឡាញ ហើយផ្ញើមកឱ្យរូបខ្លួនដើម្បីគំរាមទារប្រាក់ពីរូបនាងជាច្រើនដង។ ដោយសារជនសង្ស័យគំរាមកំហែងយកប្រាក់ពីរូបខ្លួនច្រេីនលេីកពេក ក៏សម្រេចចិត្តដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតតែម្ដង ។
ក្រោយឃាត់ខ្លួន និងសាកសួរ ជនសង្ស័យត្រូវបាន កម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ៕