ប៉ុនប៉ងមនុស្សឃាតលើ ដៃគូរកស៊ី ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែត ចាប់ខ្លួន
ប៉ោយប៉ែត ៖ ជនសង្ស័យម្នាក់ប៉ុនប៉ងធ្វើមនុស្សឃាត លើដៃគូជំនួញរួមគ្នា តែមិនបានសម្រេច ត្រូវបាន កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ។
យោងតាមការរៀបរាប់របស់ជនរងគ្រោះឈ្មោះ ស្រ៊ុន សៀវហេង អាយុ២៨ឆ្នាំ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជនមួយកន្លែង នៅក្រុងប៉ោយប៉ែត បានឱ្យដឹងថា ស្ថិតនៅទីតាំងមួយកន្លែង ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត កាលពីយប់រំលងអធ្រាត្រ ម៉ោង១២ និង៤០នាទី ចូលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ជនសង្ស័យឈ្មោះ គួត ថាវី ដែលជាដៃគូរកស៊ីជាមួយគ្នា បន្ទាប់ពីជុំគ្នាសម្តែងនូវភាពស្និតស្នាល មិនបានប៉ុន្មានផងស្រាប់តែជនសង្ស័យ ធ្វើសកម្មភាពប៉ុនប៉ងស្លាប់ ខណៈដែលខ្លួនដើរចូលបន្ទប់ទឹក សា្រប់តែជននេះចូលមកដែរហើយខ្ទាស់គន្លឹសទ្វាបន្ទប់ទឹក វាយផ្ដួលយ៉ាងកម្រោលមកលើខ្លួន រហូតដួលដល់ការ៉ូហើយ ក៏នៅតែវាយផ្នែកក្បាល និងយកដៃរឹតករជាប់រហូតដល់ខ្លួនសន្លប់លែងដឹងអី ហើយពេលដឹងខ្លួន នៅមន្ទីរពេទ្យ ដៃជាប់សឺរ៉ូប និងដាក់អុកស៊ីសែន ក្នុងស្ថានភាពរបួសពេញក្បាល ។
ដោយឡែកបើតាមប្រពន្ធជនរងគ្រោះ ដែលអ្នកឃើញហេតុការផ្ទាល់ភ្នែក និងបានស្រែកឱ្យគេជួយ បានឱ្យដឹងថា បើមិនមានខ្លួននៅទីនោះទេ ប្តីរបស់ខ្លួននឹងស្លាប់ដោយសារជនបង្ក បានរឹតករជាប់មិនព្រមលែង តែដោយសារបានគេមកជួយ ធាក់ទ្វាបន្ទប់ទឹកចូលទៅសង្គ្រោះទាន់ពេលវេលា ។ បន្ទាប់ពីត្រូវគេមកជួយ ជនបង្កមិនបានទៅណា បែរជាវាយមុខខ្លួនឯងឱ្យឈាមច្រមុះ ហើយទើបដើរទៅបាត់ ។ លុះព្រឹកឡើងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ទើបសមត្ថកិច្ចអាវុធហត្ថក្រុងប៉ោយប៉ែត ចុះឃាត់ខ្លួនជនបង្កតែម្តង ។
ជនរងគ្រោះ បានបញ្ជាក់ថា ជនបង្កខាងលើជាដៃគូរកស៊ីជាមួយគ្នា និងតែងប្រើល្បិចកិច្ចកល់ គ្រប់យ៉ាងដើម្បីកេងប្រវ័ញ្ចលុយក្រុមហ៊ុន និងធ្លាប់បានគម្រាមថា “បើមានឯង អត់អញ” ។
បច្ចុប្បន្ន ជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ ចំណែកជនបង្កត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕