ប្រជាពលរដ្ឋសម្ដែងការហួសចិត្ត ដោយសុខៗ ដីព្រៃចំណុចវាលក្ងោក ត្រូវគេឈុសឆាយធ្វើកម្មសិទ្ធ
ពោធិ៍សាត់ ៖ ប្រជាពលរដ្ឋសម្ដែងការហួសចិត្ត ដោយសុខៗ ដីព្រៃចំណុចវាលក្ងោក ជិតពាមប្រក ក្នុងភូមិក្សេតបុរី ឃុំសន្ទ្រែរ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
ត្រូវបានបុគ្គលមានលុយមានអំណាច ជួលគ្រឿងចក្រត្រាក់ទ័រ ទៅឈូសឆាយយកដីធ្វើកម្មសិទ្ធ ដោយមិនក្រែងច្បាប់សោះឡើយ។
តាមប្រភពព័ត៌មានពីរប្រជាពលរដ្ឋ រស់នៅជុំវិញទីតាំងកំពុងឈូសឆាយខាងលើ បានប្រាប់អោយដឹងថា មានគេជួលត្រាក់ទ័រ មកឈូសឆាយដីព្រៃដែលជាដីរបស់រដ្ឋជាច្រើនហិចតា ប្រមាណជាកន្លះខែមកហើយ។
ដោយឡែកបើតាមឈ្មោះ វិន សារេត និងប្រពន្ធឈ្មោះ សុិន ស្រីទូច រស់នៅភូមិក្រសាំង ឃុំរកាត ស្រុកភ្នំក្រវាញ ជាម្ចាស់ត្រាក់ទ័រ បានប្រាប់មកអង្គភាពសារព័ត៌មានយើងថា ដីដែលគេកំពុងស៊ីឈ្នួលឈូសឆាយនេះ ជាដីរបស់លោក ជាតិ អតីកអភិបាលរងស្រុកបាកាន ហើយទទួលបានតម្លៃ ៤០០ទៅ៥០០ដុល្លា ក្នុងមួយហិចតា តាមស្ថានភាពនៃដី ។
បើតាមលោក អ៊ុំ សាមិ មេឃុំសន្ទ្រែរ បានប្រាប់មកអង្គភាពសារព័ត៌មានយើងថា ពាក់ព័ន្ធករណីការឈូសឆាយដីព្រៃខាងលើនេះ លោកមិនបានដឹងឡើយ។
ឯលោក ហេង សុភាណា អភិបាលនៃគណៈអភិបាលស្រុកភ្នំក្រវាញ បានអោយដឹងដែលថា ពាក់ព័ន្ធករណីឈូសឆាយដីព្រៃខាងលើនេះ លោកពុំបានដឹងឡើយ ចាំលោកឱ្យមន្ត្រីជំនាញចុះច្រាវជ្រាវ និងត្រួតពិនិត្យមើល។
ពលរដ្ឋសំណូមពរដល់ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ មេត្តាចាត់វិធានការ
ទៅលើម្ចាស់ដី និងម្ចាស់គ្រឿងចក្រ ដែលបានឈូសឆាយដីព្រៃជាដីរបស់រដ្ឋ មកចាត់វិធានការតាមផ្លូវច្បាប់ ៕
ដោយ ៖ សំណាង