មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថា “ទិវាធានារ៉ាប់រងកម្ពុជា ២០២៥” បានលើកកម្ពស់អក្ខរកម្មធានារ៉ាប់រង និងការយល់ដឹងរបស់ប្រជាពលរដ្ឋ
បាត់ដំបង ៖ ថ្លែងក្នុងពិធី “ទិវាធានារ៉ាប់រងកម្ពុជា ២០២៥” នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ តាងនាមឱ្យឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានមានប្រសាសន៍ថា “ទិវាធានារ៉ាប់រងកម្ពុជា ២០២៥”នៅខេត្តបាត់ដំបងឆ្នាំនេះ ក្នុងគោលបំណងលើកកម្ពស់អក្ខរកម្មធានារ៉ាប់រងនិងការយល់ដឹងរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង អំពីសេវាធានារ៉ាប់រងដែលជាឧបករណ៍ហិរញ្ញប្បទានផ្តល់សំណាញ់ សុវត្ថិភាពសង្គមមួយប្រកបដោយប្រសិទ្ធភាពនៅពេលប្រជាពលរដ្ឋមានហានិភ័យកើតឡើង។
ឯកឧត្តមបន្តថា ក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយបន្ទាប់ពីការសម្រេចបាននូវសុខសន្តិភាពពេញលេញ, ឯកភាពជាតិ និង ឯកភាពទឹកដីទាំងស្រុង តាមរយនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាបានអនុវត្តប្រកបដោយជោគជ័យនូវយុទ្ធសាស្ត្រត្រីកោន និងយុទ្ធសាស្ត្រចតុកោណទាំង៤ដំណាក់កាល ដោយសម្រេចបានសមិទ្ធផលធំៗលើគ្រប់វិស័យ ទាំងនយោបាយ សង្គម និងសេដ្ឋកិច្ច ដែលនាំឱ្យកម្ពុជាសម្រេចបាននូវការផ្លាស់ប្តូរមុខមាត់ថ្មី គួរជាទីមោទនៈបំផុត។
ហើយសម្រាប់នីតិកាលទី៧នៃរដ្ឋសភា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារសមធម៌ ប្រសិទ្ធភាព និងចីរភាពក្នុងដំណើរឈានទៅសម្រេចឱ្យបានតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសមានចំណូលខ្ពស់នាឆ្នាំ២០៥០ ។
ក្នុងនោះដែរ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា បានមានប្រសាសន៍ថា ទាំងកិច្ចសន្យាធានារ៉ាប់រង និងការទិញធានារ៉ាប់រងទាំងអស់នៅឆ្នាំ២០២៤ ក្រុមហ៊ុនបានចេញប័ណ្ណ ជាង ១៧០០០០០(ជាងមួយលានប្រាំពីរសែន)ជូនប្រជាពលរដ្ឋ ,និងមានក្រុមហ៊ុនធានារ៉ាប់រងទាំងអស់ចំនួន៤០ , ធានារ៉ាប់រងមានប្រយោជន៍ ដែលជា ឧបករណ៍ហិរញ្ញប្បទានផ្តល់សំណាញ់សុវត្ថិភាពសង្គមមួយប្រកបដោយប្រសិទ្ធភាពនៅពេលប្រជាពលរដ្ឋមានហានិភ័យកើតឡើង ,ធានារ៉ាប់រង និងប.ស.ស.គឺជាលក្ខណៈផ្តល់សេវាធានារ៉ាប់រងដូចគ្នា គ្រាន់តែ.ប.ស.ស.ផ្តល់ជា លក្ខណៈមូលដ្ឋាន ហើយជាកាតព្វកិច្ច ចំណែកក្រុមហ៊ុនធានារ៉ាប់រងគឺជាសេវាស្ម័គ្រចិត្ត ,ហើយវិស័យធានារ៉ាប់រងមានប្រយោជន៍ផ្តល់ការការពារនៅពេលដែលប្រជាពលរដ្ឋមានហានិភ័យកើតឡើង និងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ៕








ដោយ ៖ សាលី