ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត នាំយកអាវភ្លៀងចែកជូនកងកម្លាំងប្រដាប់អាវុធ ចំណុះគណៈបញ្ជាការឯកភាពសមូរភូមិទិសទី១ យោធភូមិភាគទី៤

ព្រះវិហារ ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច ក្រសួងការពារជាតិ មេបញ្ជាការរង កងទ័ពជើងគោក បាននាំយកអាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចែកជូនដល់កងកម្លាំងប្រដាប់អាវុធចំណុះសមូរភូមិទិសទីស១ ប្រាសាទព្រះវិហារ យោធភូមិភាគទី៤។

ពិធីនេះធ្វើឡើងនៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៩ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ព្រមទាំងមេបញ្ជាការ មេបញ្ជាការរងកងកម្លាំងទាំង៣ ព្រមទាំងនាយទាហាន នាយនគរបាលជាច្រើនរូបទៀត។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ញើជូននាយទាហាន នាយទាហានរង និងពលទាហាន នាយនគរបាល នាយនគរបាលរង ពលនគរបាលដែលមានវត្តមាននៅទីនេះ ក៏ដូចជាកំពុងឈរជើងតាមព្រំដែនសមូរភូមិទិសទី១ ផងដែរ ។

លោកឧត្តមសេនីយ៍ឯកបានថ្លែងថា ដោយមើលឃើញពីទុក្ខលំបាក ក្នុងការបំពេញភារកិច្ចរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នាពេលរដូវវស្សា ជារៀងរាល់ឆ្នាំ និងមានការយកចិត្តទុកដាក់គិតគូរពីសុខភាពរបស់ យោធិនគ្រប់រូប ប្រមុខថ្នាក់ដឹកនាំ បានឧបត្ថម្ភអាវភ្លៀង ចែកជូនដល់យោធិនគ្រប់ៗរូបប្រើប្រាស់ដើម្បីការពារសុខភាព ពេលបំពេញភារកិច្ចនៅរដូវវស្សា។

ជាការឆ្លើយតប នាយទាហាន នាយទាហានរង និងពលទាហាន នាយនគរបាល នាយនគរបាលរង ពលនគរបាលទាំងអស់ បានគោរពថ្លែងអំណរគុណ និងគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជារៀងរាល់ឆ្នាំ សម្តេចតែងបានយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ សុខមាលភាព និងជីវភាពរស់នៅរបស់កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ នៅរដូវភ្លៀងតែងតែផ្តល់ជូននូវអាវភ្លៀងមិនដែលអាក់ខានឡើយ ។

កងទ័ពទាំងអស់ បានប្តេជ្ញាការពារដាច់ខាត បូរណភាពទឹកដី ជាតិមាតុភូមិ រដ្ឋធម្មនុញ ព្រះមហាក្សត្រ និង រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ៕

ដោយ ៖ រ៉ាស៊ី

CATEGORIES
Share This