ឯកឧត្តម សុខ លូ ចុះជួបសំណេះសំណាល សួរសុខទុក្ខ កងកម្លាំងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង
បាត់ដំបង ៖ នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាព និងអភិបាលក្រុង ស្រុក ចុះជួបសំណេះសំណាលសួរសុខទុក្ខកងកម្លាំងដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង នៅទីបញ្ជាការកងការពារព្រំដែនលេខ៥០២។
ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចតែងតែផ្ដាំផ្ញើសាកសួរសុខទុក្ខបងប្អូនកងកម្លាំងនៅតាមខ្សែបន្ទាត់ព្រំដែន ក៏ដូចជាបងប្អូនកងកម្លាំងទាំងអស់។
ឯកឧត្តមបានមានប្រសាសន៍ថា រដ្ឋបាលខេត្តបាត់ដំបង តែងតែចុះសំណេះសំណាលសាកសួរសុខទុក្ខជារឿយៗជាមួយកងកម្លាំងនៅតាមខ្សែបន្ទាត់ព្រំដែនក្នុងស្មារតីនៃការផ្សាភ្ជាប់រវាងមន្រ្តីរាជការនៅជួរក្រោយជាមួយកងកម្លាំងជួរមុខ និងបានណែនាំដល់មន្ទីរ អង្គភាព និងអាជ្ញាធរក្រុង ស្រុក ត្រូវជំរុញចលនាកៀរគរជំនួយជួយឧបត្ថម្ភគាំទ្រដល់កងកម្លាំងដែលកំពុងប្រចាំការនៅតាមខ្សែបន្ទាត់ព្រំដែនបន្ថែមទៀត។
ក្នុងនោះដែរ ឯកឧត្តមអភិបាលខេត្តបានរំលឹកប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះគោលជំហរក្នុងការការពារបូរណភាពទឹកដី និងចំណាត់ការដ៏ម៉ឺងម៉ាត់ក្នុងការលើកយកបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ រួមមាន ករណីប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបីទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលជាយន្តការអន្តរជាតិតែមួយគត់ដែលអាចផ្តល់នូវដំណោះស្រាយពិតប្រាកដលើបញ្ហាព្រំដែនសព្វថ្ងៃ។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ណែនាំដល់កងកម្លាំង និងអាជ្ញាធរស្រុកនៅជាប់ព្រំដែនត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយភាគីថៃ ដើម្បីជំរុញតំបន់ព្រំដែនទៅជាព្រំដែនមានសុខសន្តិភាព និងការអភិវឌ្ឍ ខណៈតំបន់ព្រំដែនកម្ពុជា-ថៃក្នុងភូមិសាស្រ្តខេត្តបាត់ដំបងកំពុងមានស្ថានភាពល្អប្រសើរទាំងការដោះដូរពាណិជ្ជកម្ម និងការធ្វើដំណើរចេញចូលប្រាស្រ័យទាក់ទងគ្នារវាងប្រជាជននៃប្រទេសទាំងពីរនៅតាមច្រកព្រំដែនផងដែរ៕








ដោយ ៖ សាលី