ចោរឆក់ខ្សែក មិនបានសម្រេចត្រូវប្រជាពលរដ្ឋ ចាប់ខ្លួនប្រគល់ជូនអាវុធហត្ថក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ត្រូវបានពលរដ្ឋ ចាប់ខ្លួនប្រគល់ជូនអាវុធហត្ថក្រុងប៉ោយប៉ែត  ក្រោយធ្វើសកម្មភាពឆក់ខ្សែក ស្រ្តីម្នាក់មិនបានសម្រេចនៅចំណុចមុខបុរីមានជ័យ ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា នៅវេលាម៉ោងប្រហែល២១និង៤០នាទី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលនិងឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ ភួង សុខហាង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិទួលពង្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយធ្វើសកម្មភាពឆក់ខ្សែក របស់ជនរងគ្រោះឈ្មោះ គុំ ធៀន ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ខណៈដែលជនរងគ្រោះកំពុងឈរលេងជាមួយនឹងកូនស្រី នៅចំណុចមុខបុរីមានជ័យ ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ហើយបានស្រែកឱ្យប្រជាពលរដ្ឋដែលនៅក្បែរនោះជួយចាប់ឃាត់ខ្លួន ប្រគល់ជូនសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតតែម្តង ។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ក្រោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តរួចមក កម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកវត្ថុតាងត្រូវបានប្រគល់ជូនជនរងគ្រោះវិញហើយផងដែរ ៕

CATEGORIES
Share This