កូនឈើចំរុះរាប់ពាន់ដើម ត្រូវបានចែកជូនអោយពលរដ្ឋដាំ ដើម្បីរួមចំណែកដោះសា្រយបញ្ហាប្រែប្រួលអាកាសធាតុជាសកល
បាត់ដំបង ៖ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥នេះ មន្ទីរបរិស្ថានខេត្តបាត់ដំបង បាននាំយកកូនឈើចំរុះរាប់ពាន់ដើមចែកជូនដល់ពលរដ្ឋដាំដើម្បីរួមចំណែកដោះសា្រយ បញ្ហាប្រែប្រួលអាកាសធាតុជាសកល។
លោក កត បូរ៉ាន ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបងបានបញ្ជាក់ថា យុទ្ធនាការចែកជូនកូនឈើចំរុះដល់ពលរដ្ឋនាពេលនេះ គឺអនុវត្តទៅតាមការណែនាំចង្អុរបង្ហាញផ្ទាល់ពីឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ដើម្បីរួមចំណែកដោះសា្រយបញ្ហាប្រែប្រួលអាកាសធាតុជាសកល អោយស្របតាមពាក្យស្លោក ពន្លកបៃតងគឺជាកម្លាំងចលនានៃការអភិវឌ្ឍប្រកបដោយចីរភាព។
លោកបានបញ្ជាក់ទៀតថា គិតចាប់ពីម៉ោង០៨និង០០នាទីព្រឹក ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ រហូតមកដល់រសៀលថ្ងៃដដែលនេះ មន្ត្រីជំនាញរបស់លោកបានចែកកូនឈើបានរហូតជាង២០០០ដើមទៅ៣០០០ដើមហើយ ដែលជាប្រភេទឈើ ក្រញូង ,ធ្នង់ ,បេង ,រាំងទឹក ,ក្រង៉ោក ,ត្នោត និងប្រភេទឈើផ្សេងៗជាច្រើន ដែលក្រុមការងារនិងបន្តចែកនៅទីតាំងក្នុងមន្ទីរបរិស្ថានខេត្ត និងតាមបណ្តាស្រុកមួយចំនួនទៀតដូចជា ស្រុកសំឡូត ,ស្រុកឯកភ្នំ និងខេត្តពោធិ៍សាត់ជាដើម ដែលយុទ្ធនាការចែកកូនឈើនេះនិងប្រព្រឹត្តទៅរយះពេល០៣ថ្ងៃ គិតចាប់ពីថ្ងៃទី០៥ រហូតដល់ថ្ងៃទី០៧ ខែសីហា នេះ ៕






ដោយ ៖ សាលី