ខេត្តកំពង់ស្ពឺ កំពុងមានតម្រូវការកម្លាំងពលកម្មជាង៦ម៉ឺននាក់ ឱ្យចូលធ្វើការនៅតាមបណ្តារោងចក្រសហគ្រាស
កំពង់ស្ពឺ ៖ ខេត្តកំពង់ស្ពឺ បាននិងកំពុងមានតម្រូវការកម្លាំងពលកម្មប្រមាណជាង៦ម៉ឺននាក់ ឱ្យចូលទៅបម្រើការងារនៅតាមបណ្តារោងចក្រ សហគ្រាស ។ នេះបើយោងតាមការលើកឡើងរបស់លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ក្នុងឱកាសជួបសំណេះសំណាលនិងផ្តល់គ្រឿងឧបភោគ បរិភោគដល់បងប្អូនប្រជាពលរដ្ឋជាពលករចំណាកស្រុកដែលទើបវិលនិវត្តន៍មកពីប្រទេសថៃ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ក្នុងស្រុកបសេដ្ឋ។
លោក ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្នបានធ្វើឱ្យខេត្តកំពង់ស្ពឺមានការរីកចម្រើនយ៉ាងខ្លាំង ពិសេសគឺកំណើនរោងចក្រ សហគ្រាសដែលគិតមកទល់ថ្ងៃនេះគឺមានប្រមាណ១៤៥៨រោងចក្រ សហគ្រាស និងមានកម្មករ កម្មការិនីកំពុងបម្រើការប្រមាណជិត៣០ម៉ឺននាក់។ទន្ទឹមនិងការកើនឡើងរោងចក្រសហគ្រាសនេះ រដ្ឋបាលខេត្តកំពង់ស្ពឺក៏បាននិងកំពុងមានតម្រូវការនូវកម្លាំងពលកម្មប្រមាណជាង៦ម៉ឺននាក់បន្ថែមទៀតផងដែរ ដើម្បីបំពេញទៅតាមរោងចក្រ សហគ្រាស ហើយរោងចក្រ សហគ្រាសទាំងអស់នោះសុទ្ធតែជាសមាជិកប.ស.ស។
ជាមួយនេះដែរ លោក ជាម ច័ន្ទសោភ័ណ បានបង្ហាញនូវការត្រេកអរគ្រាដែលឃើញបងប្អូនជាពលករបានវិលត្រឡប់មកកាន់មាតុប្រទេសវិញ ពិសេសស្រុកកំណើតរបស់បងប្អូនដែលជាឱកាសក្នុងការជួបជុំកូនចៅនិងក្រុមគ្រួសារ គ្រាដែលប្រទេសជាតិកំពុងរងការឈ្លានពានពីប្រទេសថៃ។ការវិលត្រឡប់មកកាន់ស្រុកកំណើតនេះដែរ បងប្អូនអាចធ្វើការនៅក្នុងស្រុកខ្លួនឯងដោយមិនមានការព្រួយបារម្ភ កូនៗអាចបានរៀនសូត្រមានខ្ពង់ខ្ពស់ដោយមិនបាច់តាមឪពុកម្តាយធ្វើចំណាក់ស្រុកទៀតទេ។
ទន្ទឹមនេះ អភិបាលខេត្តកំពង់ស្ពឺ ក៏បានណែនាំដល់អាជ្ញាធរក្រុង-ស្រុកត្រូវសហការជាមួយមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តក្នុងការរៀបជាតារាងបង្ហាញពីបណ្តារោងចក្រសហគ្រាសណា ដែលកំពុងជ្រើសរើសកម្មករ និយោជិក ហើយបញ្ជូនព័ត៌មានទាំងនោះអោយមកដល់តាមបណ្តាភូមិ ឃុំ ស្រុក ដើម្បីបង្កលក្ខណ:ងាយស្រួលដល់បងប្អូនបានដឹងនិងអាចងាយស្រួលរើសការងារដែលគាត់ចង់ធ្វើ និងអាចធ្វើបានដោយមានការជួយសម្របសម្រួលលេីនីតិវិធីផ្សេងៗពីមន្ត្រីពាក់ពន្ធ័។
ក្នុងនោះដែរអភិបាលខេត្តកំពង់ស្ពឺ លោក ជាម ច័ន្ទសោភ័ណ ក៏បានណែនាំដល់មន្ទីរអប់រំយុវជន និងកីឡាខេត្តឱ្យសហការជាមួយអាជ្ញាធរមូលដ្ឋាន ត្រូវជួយសម្រួលធ្វើយ៉ាងណាផ្តល់លក្ខណ:ងាយស្រួលលើនីតិវិធីផ្សេងៗក្នុងការផ្ទេរការសិក្សារបស់កូនៗបងប្អូនពលករខ្មែរដែលវិលមកពីប្រទេសថៃវិញ ក្នុងករណីពួកគាត់ចង់ឱ្យកូនៗបានចូលរៀនវិញនៅស្រុកកំណើត ហើយចំពោះយុវជន យុវនារីដែលបានបញ្ចប់ការសិក្សាឬបោះបង់ការសិក្សា ចង់រៀននិងចាប់យកជំនាញបច្ចេកទេសផ្ទាល់ខ្លួន ក្រសួងការងារតាមរយ:រដ្ឋបាលខេត្តក៏មានសាលាឱ្យរៀននិងស្នាក់នៅផងដែរដោយឥតគិតថ្លៃ ជាងនេះសម្រាប់សិស្សនិស្សិតមកគ្រួសារក្រីក្រ រាជរដ្ឋាភិបាលក៏មានប្រាក់ឧបត្ថម្ភ២៨ម៉ឺនរៀលបន្ថែម ហើយក្រោយរៀនចប់ក្រសួងក៏ដូចរដ្ឋបាលខេត្តនិងរកការងារឱ្យធ្វើផងដែរ ៕










ដោយ ៖ ប៊ុត សារុន