រន្ទះបាញ់ ឆេះភោជនីយ៍ដ្ឋាន មួយកន្លែងអស់ស្ទើរទាំងស្រុង នៅក្រុងប៉ោយប៉ែត

បន្ទាយមាជ័យ ៖ បាតុភូតរន្ទះបាញ់មួយបានកើតឡើង បង្ករជាអគ្គីភ័យឆាបឆេះ ភោជនីយ៍ដ្ឋានមួយកន្លែង ដែលមានយីហោ ជាប់ស្នេហ៍អូន ឆេះអស់ស្ទឺរទាំងស្រុង ខណៈមានភ្លៀងរលឹមស្រិចៗ កាលពីរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅក្បែររោងចក្រឌីសប្រមាណជិត២០០ម៉ែត្រ ស្ថិតភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ត្រី ព្រឹម សុផល នាយប៉ុស្តិ៍នគរបាលសង្កាត់ផ្សារកណ្តាល បានឲ្យសារព័ត៌មានដឹងថា មុនពេលមានហេតុការណ៍ខាងលើ ក្នុងភូមិសាស្ត្រកើតហេតុបានមានភ្លៀងរលឹមស្រិចៗ បន្ទាប់មកក៏លាន់សូររន្ទះបាញ់នៅលើដំបូលអគារហាង យីហោ ជាប់ស្នេហ៍អូន បង្ករជាអគ្គីភ័យ ឆាបឆេះដំបូលហាងប្រក់ស្បូវ គ្រោងឆ្អឹងដែកអស់រយៈពេលជិតកន្លះម៉ោង ទើបកម្លាំងចុះអន្តរាគមន៍ ដោយមានរថយន្តពន្លត់អគ្គីភ័យ ១គ្រឿង របស់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងរថយន្តពន្លត់អគ្គីភ័យខ្នាតតូច ១គ្រឿង របស់ក្រុមអន្តរាគមន៍សង្គ្រោះបឋម ចុះជួយបាញ់ពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន០៥ឡានទើបអាចគ្រប់គ្រងស្ថានការបានទាំងស្រុង  ។

លោកបានបញ្ជាក់ថា អគ្គីភ័យខាងលើ គឺ បង្ករដោយរន្ទះបាញ់នៅពេលមានភ្លៀងរលឹមស្រិចៗ និងបានឆាបឆេះអស់អគារភោជនីយ៍ដ្ឋានដែលមានទំហំ២០ម៉ែត្រ គុណ៣០ម៉ែត្រ គ្រោងដែកប្រក់ស្បូវ និងឆេះខូចខាតសម្ភារៈក្នុងហាងអស់ស្ទើទាំងស្រុងផងដែរ ៕

ដោយ ៖​ លី គឹមហាក់

CATEGORIES
Share This