អភិបាលខេត្តកំពង់ស្ពឺ ប្រកាសពីតម្រូវការកម្លាំងពលកម្ម រាប់ម៉ឺននាក់នៅតាមបណ្តាក្រុងស្រុក
កំពង់ស្ពឺ ៖ អភិបាលខេត្តកំពង់ស្ពឺ លោក ជាម ច័ន្ទសោភ័ណ បានប្រកាសពីតម្រូវការកម្លាំងពលកម្មរាប់ម៉ឺននាក់ ដើម្បីបំពេញបន្ថែមនៅតាមបណ្តារោងចក្រ សហគ្រាសនៅតាមក្រុងស្រុកមួយចំនួន។
លោក ជាម ច័ន្ទសោភ័ណ បានឱ្យដឹងនៅរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះថា ក្រុងស្រុកចំនួន៧នៃខេត្តកំពង់ស្ពឺកំពុងមានតម្រូវការកម្លាំងពលកម្មខ្ពស់ ដើម្បីបំពេញបន្ថែមនៅតាមបណ្តារោងចក្រសហគ្រាស។ក្នុងនោះក្រុងច្បារមនមានតម្រូវការកម្លាំងពលកម្មចំនួន៤៨០០នាក់ ក្រុងឧដុង្គម៉ែជ័យចំនួន២៩០នាក់ ស្រុកគងពិសីចំនួន២៥៤៣៣នាក់ ស្រុកបសេដ្ឋ ចំនួន៣៤១៥នាក់ ស្រុកភ្មំស្រួចចំនួន៩៦៤នាក់ ស្រុកសាមគ្គីមុនីជ័យចំនួន២២៤០នាក់ និងស្រុកសំរោងទង២៨៧៤៩នាក់។
ជាមួយនិងតម្រូវការនេះលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺក៏បានបញ្ជាក់ឱ្យដឹងថា ខេត្តកំពង់ស្ពឺមានរោងចក្រ សហគ្រាសសរុបប្រមាណ១៤៥៨រោងចក្រ សហគ្រាស និងមានកម្មករ កម្មការិនីកំពុងបម្រើការប្រមាណជិត៣០ម៉ឺននាក់ ហើយចំនួននេះនឹងមានការកើនឡើងបន្ថែមទៀត ខណៈរោងចក្រ សហគ្រាសមួយចំនួនបាននិងកំពុងសាងសង់និងខ្លះទៀតសាងសង់រួចត្រៀមបើកដំណើរការ។
ទន្ទឹមនិងមានតម្រូវការខ្ពស់នេះដែរ អភិបាលខេត្តកំពង់ស្ពឺបានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនជាពលករ ពលការិនីដែលទើបវិលត្រឡប់មកពីប្រទេសជិតខាង សូមចូលបម្រើការងារនៅតាមរោងចក្រ សហគ្រាសដែលស្ថិតនៅជិតផ្ទះរបស់ខ្លួនតាមជំនាញរៀងខ្លួនដើម្បីលើកកម្ពស់ជីវភាពគ្រួសារ។ការងាកមកធ្វើការនៅក្នុងស្រុកកំណើតរបស់បងប្អូនគឺជាការគិតបានយ៉ាងត្រឹមត្រូវ ព្រោះថាប្រទេសយើងបច្ចុប្បន្នសម្បូរការងារ ប្រាក់បៀវត្សរ៍ក៏មិនចាញ់ប្រទេសជិតខាងដែរ បងប្អូនមិនរងហានិភ័យ មានឱកាសគ្រប់គ្រាន់ក្នុងការជួបជុំបងប្អូននិងបានកសាងឱកាសសិក្សាឱ្យកូនៗបានរៀនសូត្រជ្រៅជ្រះផងដែរ។
មួយវិញទៀតអភិបាលខេត្តកំពង់ស្ពឺ លោក ជាម ច័ន្ទសោភ័ណ ក៏បានបញ្ជាក់បន្ថែមផងដែរថា បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននិងបងប្អូនជាពលករទើបវិលត្រឡប់អាចចូលបម្រើការងារនៅតាមបណ្តារោងចក្រ សហគ្រាសដែលបងប្អូនពេញចិត្តដោយមិនមានការចំណាយឬបង់ថវិកាជាថ្នូរនិងការដាក់ពាក្យចូលនោះទេ ក្នុងករណីមានការទារឬតម្រូវឱ្យមានការបង់ប្រាក់សូមរាយការណ៍មករដ្ឋបាលខេត្តជាបន្ទាន់ ដើម្បីឱ្យក្រុមការងារមានលទ្ធភាពចាត់ការលើបុគ្គលឆ្លៀតឱកាសទាំងនោះ ហើយបើខ្វះឯកសារពាក់ព័ន្ធសូមរាយការណ៍ទៅអាជ្ញាធរដែនដី មន្ទីរជំនាញដើម្បីសម្របសម្រួលបានចូលធ្វើការមុន សឹមដាក់ឯកសារជាក្រោយ ៕







ដោយ ៖ ប៊ុត សារុន