អាជ្ញាធរក្រុងសិរីសោភ័ណ ចុះពិនិត្យការស្ថាបនាផ្លូវបេតុងប្រវែង១៣៣០ម៉ែត្រ និងប្រព័ន្ធលូ ពីភូមិ២ ទៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ
បន្ទាយមានជ័យ ៖ លោក ជាម សុខ ប្រធានក្រុមប្រឹក្សាក្រុងសិរីសោភ័ណ, លោក ស្រេង សុផល អភិបាលនៃគណៈអភិបាលក្រុងសិរីសោភ័ណ និងក្រុមការងារ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យការស្ថាបនាផ្លូវបេតុង ប្រវែង១៣៣០ម៉ែត្រ និងប្រព័ន្ធលូ ពីភូមិ២ ទៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដែលជាគម្រោងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ការចុះពិនិត្យនេះនៅថ្ងៃចន្ទ ទី១ ខែកញ្ញា ឆ្នាំ២០២៥។
ក្នុងការចុះពិនិត្យនោះលោក ស្រេង សុផល បានមានប្រសាសន៍លើកឡើងថា៖ សមិទ្ធផលដែលបាននេះកើត មានឡើងដោយរសារតែប្រទេសយើង មានសុខសន្តិភាព ដែលកើតចេញពីការលះបង់ដ៏ធំធេង និងខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជាតិ ដោយយកជីវិតធ្វើជាដើមទុនរបស់សម្តេចតេជោ ហ៊ុន សែន ជាបិតាសន្តិភាពនៃកម្ពុជា ដែលបាននាំមកនូវសន្តិភាព និងឯកភាពជាតិពេញលេញ។
លោកបានមានប្រសាសន៍ដោយបញ្ជាក់ថា៖ បច្ចុប្បន្ននេះដោយសារមានបញ្ហាព្រំដែនជាមួយប្រទេសជិតខាង សូមប្រជាពលរដ្ឋទាំងអស់ ផ្តល់ការជឿទុកចិត្តលើរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយបន្តផ្តល់កម្លាំងចិត្តដល់កងកម្លាំងវីរៈកងទ័ពជួរមុខការពារព្រំដែន ការពារបូរណភាពទឹកដី៕
លោក លោកអភិបាលក្រុងសិរីសោភ័ណ បានធ្វើការផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន ត្រូវមានការសហការជាមួយប្រជាពលរដ្ឋ ឱ្យបានជាប់លាប់ក្នុងការអនុវត្តការងារការថែទាំផ្លូវ និងសមិទ្ធផលនានា ក្នុងការប្រើប្រាស់ដើម្បីឱ្យមានដំណើរការប្រកប ដោយនិរន្តរភាព និងឱ្យបានគង់វង្សប្រើប្រាស់បានយូរអង្វែង។
ដោយឡែកនៅថ្ងៃដដែលនោះ ដែរលោក ជាម សុខ ប្រធានក្រុមប្រឹក្សាក្រុង លោក ស្រេង សុផល អភិបាលនៃគណៈអភិបាលក្រុងសិរីសោភ័ណ និងក្រុមការងារ បានអញ្ជើញបន្តចុះពិនិត្យកន្លែងក្រុមហ៊ុនបុរាណ ឃែរ អេស៊ា ឯ.ក ស្ថិតនៅក្នុងភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដើម្បីជួយជំរុញផលិតផលខ្មែរឲ្យមានទីផ្សារ ឱ្យមានភាពលេចធ្លោនៅលើឆាកអន្តរជាតិផងដែរ ៕









