ជំនន់ស្ទឹងសង្កែ ហក់ឡើងខ្ពស់រហូតស្ថិតក្នុងស្ថានភាព ប្រកាសអាសន្ន
បាត់ដំបង ៖ ខណៈដែលភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់នៅផ្នែកខាងលើក្នុងតំបន់ស្រុកសំឡូតព្រំដែនកម្ពុជា ថៃ បង្កជាជំនន់ធ្វើអោយកម្ពស់ទឹកស្ទឹងសង្កែ នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥នេះ បានហក់ឡើងរហូតជាង១៣,៧៥ម៉ែត្រ ខណៈដែលកម្ពស់ទឹកត្រូវប្រកាសអាសន្ន ១៣,៧០ម៉ែត្រ។
ហើយបើតាមការបញ្ជាក់ពីរដ្ឋបាលខេត្តបាត់ដំបង៖ស្ថានភាពទឹកស្ទឹងសង្កែក្នុងក្រុងបាត់ដំបង នាព្រឹកនេះ បានហក់ឡើងរហូត ១៣,៧៦ម៉ែត្រ ដែលជាកំរិតទឹកអាចបង្កហានិភ័យ ហើយបច្ចុប្បន្នកំពុងមានការកើនឡើងជាបន្តបន្ទាប់តាមរយៈជំនន់ទឹកភ្លៀងនៅតំបន់ទីជម្រាលនៃស្ទឹងសង្កែផ្នែកខាងលើ ហើយដើម្បីជៀសវាងបាននូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើងជាយថាហេតុ សូមបងប្អូនប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ ជាពិសេសបងប្អូនដែលរស់នៅតាមបណ្ដោយដងស្ទឹងសង្កែ និងតំបន់ងាយរងគ្រោះ មេត្តាបង្កើតការប្រុងប្រយ័ត្នខ្ពស់ ដោយហាមកូនចៅតូចៗកុំអោយចុះលេងទឹក និងត្រៀមរៀបចំទុកដាក់នូវសម្ភារៈ ឯកសារសំខាន់ៗអោយបានត្រឹមត្រូវ និងស្វែងរកទីទួលសុវត្ថិភាពដែលបានកំណត់ដោយអាជ្ញាធរមូលដ្ឋាន។
ជាមួយគ្នានេះដែរ ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានជម្រុញអោយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ក្នុងការត្រៀមរៀបចំផែនការអន្តរាគមន៍ និងត្រៀមរៀបចំទីទួលសុវត្ថិភាពអោយបានសមរម្យក្នុងការជន្លៀសប្រជាពលរដ្ឋនៅពេលដែលមានគ្រោះមហន្តរាយទឹកជំនន់កើតឡើង ព្រមទាំងធ្វើការផ្សព្វផ្សាយណែនាំអោយប្រជាពលរដ្ឋយកចិត្តទុកដាក់លើបញ្ហាថែរក្សាសុខភាព អនាម័យ ដើម្បីជៀសវាងបានពីជំងឺឆ្លងផ្សេងៗ ៕






ដោយ ៖ សាលី