ពលករខ្មែរ ១៦នាក់ ត្រូវទាហានថៃចាប់ខ្លួន ពីបទឆ្លងដែនខុសច្បាប់

បន្ទាយមានជ័យ ៖ ជនជាតិខ្មែរចំនួន ១៦នាក់ ដែលក្នុងនោះមានប្រុសចំនួន ១១នាក់ និងស្រី ៥នាក់ ត្រូវបានទាហានថៃចាប់ខ្លួន ខណៈពួកគេបានលួចឆ្លងដែនខុសច្បាប់ ចូលក្នុងទឹកដីថៃ ។

ការឃាត់ខ្លួននេះ ធ្វើឡើងនៅវេលាម៉ោង ៤ និង ២០ នាទី ទៀបភ្លឺនាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុច ឃុំផានសឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ខណៈដែលកម្លាំងយោធាកងរយលេខ ១២០៤ កំពុងធ្វើការល្បាតតាមខ្សែបន្ទាត់ព្រំដែន ក៏បានប្រទះឃើញពលករខ្មែរទាំងនោះ កំពុងពួនសម្ងំនៅក្នុងចំការអំពៅ។

ក្រោយពីបានសាកសួរ ពួកគេបានសារភាពថា កន្លងមកពួកគេធ្លាប់ធ្វើការជាកម្មករសំណង់នៅក្នុងប្រទេសថៃ។  ក្រោយពីត្រឡប់ទៅកាន់លំនៅដ្ឋានមួយរយៈ ក៏បានបបួលគ្នា ចូលទៅប្រទេសថៃវិញ ដើម្បីរកការងារធ្វើបន្ត ដោយជួលមេខ្យល់នាំផ្លូវក្នុងម្នាក់ ៦.០០០បាត (ប្រាំមួយពាន់បាត) ប៉ុន្តែពួកគេបានប្រគល់លុយឲ្យមេខ្យល់មុន ក្នុងម្នាក់ត្រឹមតែ ១.៥០០បាត (មួយពាន់ប្រាំរយបាត) លុះត្រាតែដល់ទីតាំងធ្វើការ ទើបឱ្យលុយបង្គ្រប់ តែក៏ត្រូវចាប់ខ្លួនតែម្ដង។ ដោយឡែកមេខ្យល់បានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយសាកសួរនិងត្រួតពិនិត្យរួចមក កម្លាំងយោធាបានបញ្ជូនពលករខ្មែរទាំងអស់ ទៅកាន់ស្នាក់ការកងរយលេខ ១២០៤ ដើម្បីសាកសួរបន្តមុននឹងបញ្ជូនទៅអធិការដ្ឋានតម្រួតនៅស្រុកអារញ្ញ ដើម្បីអនុវត្តតាមនីតិវិធីបន្ត ៕

CATEGORIES
Share This