ថៃបង្រ្កាបរថយន្ត ៤ គ្រឿង ដែលត្រៀមដឹកបារីគេចពន្ធពីកម្ពុជា ក្បែរច្រកអន្តរជាតិភ្នំដី
បាត់ដំបង ៖ កម្លាំងយកធាថៃ កាលពីយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ បានធ្វើការល្បាតតាមខ្សែបន្ទាត់ព្រំដែន ថៃកម្ពុជាបានបង្រ្កាបឃាត់រថយន្តថៃចំនួន ៤ គ្រឿង ដែលអ្នកបើកបរទាំងអស់គឺជាជនជាតិខ្មែរ ខណៈដែលកំពុងឈបចត នៅខាងក្រោយផ្សារខូវឌីនខេត្តស្រះកែវប្រទេសថៃ ឈមនឹងច្រកអន្តរជាតិភ្នំដី ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយមានបារីគេចពន្ធនៅក្រោយឡាន។
ជាញឹកញាប់គេសង្កេតឃើញថា យោធាថៃតែងតែចាប់បាននូវបារីគេចពន្ធ ដែលភាគច្រើននាំចេញពីស្រុកសំពៅលូន ឆ្លងតាមច្រករបៀងចូលទៅក្នុងប្រទេសថៃ ។
ក្រោយពីមានការសង្ស័យកម្លាំងយោធាថៃបានចូលទៅត្រួតពិនិត្យក៏ប្រទះឃើញអ្នកបើកបរចំនួន ៤ នាក់ ដែលសុទ្ធសឹងជាជនជាតិខ្មែរ ដោយឡែកនៅក្នុងរថយន្តគឺមានបារីគេចពន្ធជាច្រើនប៊ិចដែលគេគ្របដោយក្រណាត់បិទជិត។
នៅក្នុងការត្រួតពិនិត្យនោះគឺមានរថយន្តមួយគ្រឿងមានសៀតក្រដាសប្រាក់ជាង ៧ លានបាត នៅក្នុងកង់សាគួរ ដែលម្ចាស់ឡានបាននិយាយថាគឺជាលុយបញ្ញើរបស់ពលករ ដោយសារមិនហ៊ានដាក់តាមធនាគារព្រោះខ្លាចពិបាកដកយក។
បើទោះបីជាយ៉ាងនេះក្តី ក៏កម្លាំងយោធាថៃបាននាំខ្លួនអ្នកបើកបរទាំង ៤ នាក់ ជាមួយរថយន្តនិងបារីគេចពន្ធទាំងអស់ដែលជាវត្ថុតាងនាំយកទៅកាន់ស្នាក់ការគយនិងរដ្ឋាករប្រចាំស្រុកអារញ្ញ ដើម្បីសាកសួរបន្ត និងអនុវត្តតាមនីតិវិធី ៕




