ឯកឧត្តម សុខ លូ បន្តប្រគល់ផ្ទះមនុស្សធម៌ ១ខ្នង ជូនគ្រួសាររងគ្រោះដោយអគ្គិភ័យ និងផ្តល់អំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះ ៣០គ្រួសារ ក្នុងស្រុកគាស់ក្រឡ
បាត់ដំបង ៖ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងក្រុមការងារ បានអញ្ជើញចុះប្រគល់ផ្ទះមនុស្សធម៌០១ខ្នងលេខរៀងទី២១ ជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់លោកតា នេត នូ អាយុ ៧២ឆ្នាំ មានជីវភាពក្រីក្រខ្លាំង និងរងគ្រោះដោយអគ្គិភ័យកន្លងទៅ ព្រមទាំងបានផ្តល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៣០គ្រួសារស្ថិតនៅភូមិតាថុក ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។
នាឱកាសនោះ ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន, ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានសម្តែងនូវក្តីសោមនស្សរីករាយ និងការផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិតអាសូ និងស្រឡាញ់ចំពោះក្រុមគ្រួសារលោកតា នេត នូ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ ។
ជាមួយគ្នានេះ ឯកឧត្តមប្រធាន បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ សូមគិតគូរពីបញ្ហាសុខភាព ព្រោះកត្តាសុខភាពនេះអាចឱ្យយើងរួចផុតពីភាពក្រីក្របាន ដែលក្នុងនោះត្រូវបរិភោគទឹកស្អាត ទឹកដាំឆ្អិនល្អ ការរស់នៅមានអនាម័យ ប្រុងប្រយ័ត្នពីជំងឺឆ្លងនានា ជាពិសេសជំងឺមិនឆ្លងដូចជាជំងឺទឹកនោមផ្អែម ជំងឺមហារីក ជំងឺបេះដូងសរសៃឈាម និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃជាដើម ដែលបង្កឡើងដោយការបរិភោគមិនបានត្រឹមត្រូវ ហើយបើទោះបីជាបងប្អូនមានជីវភាពលំបាកយ៉ាងណាក៏ដោយ ក៏សូមបងប្អូនខិតខំជម្នះការលំបាក តស៊ូ ជំរុញដល់កូនចៅរបស់ខ្លួនឱ្យទៅសាលារៀន ទទួលបានការអប់រំ មានចំណេះដឹងខ្ពង់ខ្ពស់ ដើម្បីកាត់បន្ថយបាននូវភាពក្រីក្រ»។
សូមបញ្ជាក់ថា ផ្ទះលេខរៀងទី២១ ដែលជាអំណោយរបស់សាខាខេត្តខាងលើនេះ ចំណាយថវិកា ៥.៥៥០ដុល្លារ (ប្រាំពាន់ប្រាំរយហាសិបដុល្លារអាមេរិក) មានទំហំ ៤ម៉ែត្រ x ៦ម៉ែត្រ ជញ្ជាំងស៊ីម៉ង់តិ៍ ក្រាលការ៉ូ ដំបូលប្រក់សង្ក័សី មានបន្ទប់ទឹកមួយក្រោយផ្ទះតយ៉ាបខាងមុខ២.៥ម៉ត្រ និងបានផ្តល់ជូនអំណោយសម្រាប់សង្កត់ផ្ទះរួមមាន ៖ អង្ករ ១០០គីឡូក្រាម, មី២កេស,ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរ ត្រីខ២យួរ, ទឹកបរិសុទ្ធ៤កេស និងថវិកា៤០ម៉ឺនរៀល ដោយឡែកគ្រួសារងាយរងគ្រោះមានជនចាស់ជរា ជនមានពិការភាព និងគ្រួសារក្រីក្រ ដែលរស់នៅជិតខាងចំនួន ៣០គ្រួសារ ដោយមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ទឹកបរិសុទ្ធ១កេស ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ ផងដែរ ៕








ដោយ ៖ សាលី


