រដ្ឋបាលឃុំអូរដំបង១ បានរៀបចំការប្រឡងជ្រើសរើសសិស្សពូកែ ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៩

បាត់ដំបង ៖ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ រដ្ឋបាលឃុំអូរដំបង១ ដែលមានលោក សេក ផានិត ជាមេឃុំ បានរៀបចំការប្រឡងជ្រើសរើសសិស្សពូកែប្រចាំឃុំចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៩ ដែលមានសិស្សសរុបចំនួន ២៤៤នាក់ ក្នុងនោះស្រី ១៨២នាក់ មកពី៨សាលា ក្នុងនោះ បឋមសិក្សា០៦សាលា និងអនុវិទ្យាល័យ០២សាលា ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសាលាអនុវិទ្យាល័យអូរដំបង១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក នាង ច័ន្ទថារ៉ា អភិបាល នៃគណៈអភិបាលស្រុកសង្កែ។

នាឱកាសបើកកញ្ចប់វិញ្ញាសារនោះដែរ លោក នាង ច័ន្ទថារ៉ា អភិបាល នៃគណៈអភិបាលស្រុកសង្កែ បានបញ្ជាក់ថា សម្រាប់សិស្សដែលចូលរួមប្រឡងជ្រើសរើសសិស្សពូកែថ្ងៃនេះ គឺយើងយកតែសិស្សសាលាក្នុងឃុំអូរដំបង១តែប៉ុណ្ណោះ ចាប់ពីថ្នាក់ទី០១ដល់ថ្នាក់ទី០៩ ហើយក្នុងនោះយើងយកតែសិស្សដែលមានចំណាត់ថ្នាក់ពីលេខ០១ ដល់លេខ០៣ ដែលមានសិស្សសរុប ២៤៤នាក់ ក្នុងនោះស្រី ១៨២នាក់ ហើយសម្រាប់វិញ្ញាសារមាន០៣ ក្នុងនោះមានវិញ្ញាសារគណិត , វិញ្ញាសារតែងសេចក្តី ,និងវិញ្ញាសារសរសេរតាមអាន។

បន្ថែមពីនេះ លោកអភិបាលស្រុកក៏បានជម្រុញនិងលើកទឹកចិត្តអោយសិស្សានុសិស្សទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការប្រឡងប្រកួតប្រជែងយកជ័យជំនះអោយបានចំណាត់ថ្នាក់លេខ១ ដើម្បីទទួលបានរង្វាន់ធំមានកង់អាគុយ និងសម្ភារៈសិក្សាផ្សេងៗជាច្រើនផងដែរ។

ជាមួយគ្នានេះ អាណាព្យាបាលរបស់សិស្សទាំងអស់បានសម្តែងការសប្បាយចិត្តយ៉ាងខ្លាំងដែលខាងរដ្ឋបាលឃុំបានបង្កើតកម្មវិធីប្រឡងជ្រើសរើសសិស្សពូកែនេះឡើង ដើម្បីអោយកូនៗពួកគាត់មានឱកាសបានបង្ហាញសមត្ថភាពពិត ហើយពួកគាត់រំពឹងថាកូនៗពួកគាត់និងទទួលបានលទ្ធផលល្អ ៕

ដោយ ៖ សាលី

CATEGORIES
Share This