ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តល់រង្វាន់កុំព្យូទ័រដល់សិស្សជ័យលាភីនិទ្ទេស A ៧៩នាក់ នៅខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ ៖ ដូចដែលបានសន្យា លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានប្រគល់រង្វាន់កុំព្យូទ័រចំនួន៧៩គ្រឿង ដល់សិស្សនិទ្ទេសA ៧៩នាក់នៅខេត្តកំពង់ស្ពឺ ដែលបានប្រឡងជាប់នាពេលថ្មីៗនេះ ដែលការប្រគល់ត្រូវបានធ្វើឡើងនៅបណ្ណាល័យខេត្តកំពង់ស្ពឺ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥។
លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានលើកឡើងថា លទ្ធផលនិទ្ទេសA ដែលប្អូនៗនិងក្មួយៗទទួលបាននាពេលនេះ គឺពិតជាបានលើកកម្ពស់មុខមាត់របស់ខេត្តកំពង់ស្ពឺយើងណាស់ ពិសេសគឺមុខមាត់សាលា លោកគ្រូអ្នកគ្រូ និងក្រុមគ្រួសាររបស់ប្អូនៗនិងក្មួយៗតែម្តង។
លោកបញ្ជាក់បន្ថែមថា ជាមួយនិងភាពជោគជ័យដែលប្អូនៗនិងក្មួយៗទទួលបាននាពេលនេះវាពិតណាស់ជាសមត្ថភាពដែលពួកប្អូននិងក្មួយៗមាន ប៉ុន្តែប្អូននិងក្មួយត្រូវដឹងនិងមិនអាចបំភ្លេចបាននោះគឺ ឪពុកម្តាយ អាណាព្យាបាល ដែលបានផ្តល់ឱកាសនិងការទំនុកបម្រុងក្នុងការរៀនសូត្រ ជាពិសេសលោកគ្រូអ្នកគ្រូដែលបានណែនាំ បង្ហាត់បង្រៀនរហូតទទួលលទ្ធផលបែបនេះ។ហើយក្រោយបញ្ចប់ការសិក្សានៅថ្នាក់ឧត្តមនិងក្រោយចេញបំពេញការងារសង្ឃឹមថាប្អូននិងក្មួយៗទាំងអស់នឹងវិលត្រឡប់មកចែករំលែកទៅកាន់អ្នកដទៃនិងអ្នកជំនាន់ក្រោយ ពិសេសមកជួយអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺឱ្យមានការរីកចម្រើនកាន់តែខ្លាំងបន្ថែមទៀត ជៀសផុតពីការមាក់ងាយថាជាខេត្តប៊ុមប៊ឺរលាក់កងជើង។
សូមបញ្ជាក់ផងដែរថា ក្រៅពីផ្ដល់រង្វាន់ដល់សិស្សនិទ្ទេសA ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានផ្ដល់លិខិតថ្លែងអំណរគុណ និងថវិកាមួយចំនួនដល់លោកគ្រូ អ្នកគ្រូផងដែរ ៕



















ដោយ ៖ ប៊ុត សារុន


