ឯកឧត្តម ព្រួញ រិទ្ធថា ចូលរួមបុណ្យសពលោក អុិន ឌី អ្នកសារព័ត៌មានអង្គភាព PCN TV online ប្រចាំខេត្តបាត់ដំបង
បាត់ដំបង ៖ នារសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម ព្រួញ រិទ្ធថា ទីប្រឹក្សាឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង បាននាំយកបច្ច័យចំនួន ៥០ម៉ឺនរៀល ចូលរួមបុណ្យសពលោក អុិន ឌី អ្នកសារព័ត៌មានអង្គភាព PCN TV online ប្រចាំខេត្តបាត់ដំបង ដែលបានទទួលមរណភាពដោយរោគាពាធ។
នាឱកាសនោះដែរ ឯកឧត្តម ព្រួញ រិទ្ធថា បានសម្តែងការសោកស្តាយជាពន់ពេកជូនចំពោះលោកស្រី ជា រ៉េម ជាភរិយាដែលបានបាត់បង់ប្តីដ៏ល្អ ដែលជាមេគ្រួសារមួយដ៏សំខាន់សម្រាប់គ្រួសារ ហើយលោកក៏ជាធន់ធានមនុស្សម្នាក់ដែលតែងតែឈឺឆ្អាលជ្រោមជ្រែងជួយអ្នកមានអាជីពដូចគ្នានិងអ្នកនៅជុំវិញខ្លួន ហើយក៏បានជួយកិច្ចការងារសង្គមបានច្រើនផងដែរនៅក្នុងវិស័យសារព័ត៌មាននេះ។
ជាមួយគ្នានេះដែរ ក្រុមគ្រួសារនៃសពរបស់លោក អុិន ឌី ក៏បានសម្តែងក្តីរំភើបរីករាយយ៉ាងខ្លាំងនៅពេលដែលឃើញវត្តមានរបស់ឯកឧត្តមលោកអញ្ជើញមកចូលរួមក្នុងកម្មពិធីបុណ្យនាពេលនេះ ហើយក៏សូមបួងសួងទៅដល់វត្ថុសក្តិសិទ្ធិក្នុងលោកតាមបីបាច់ថែរក្សាទៅដល់ឯកឧត្តម និងក្រុមគ្រួសារទាំងអស់អោយជួបតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕






ដោយ ៖ សាលី


