បុរសម្នាក់ត្រូវបានរថយន្តដឹកទឹកកកពោធិ៍វាល បុកស្លាប់ ខណៈកំពុងជិះម៉ូតូបម្រុងបត់ឆ្លងផ្លូវ

បាត់ដំបង ៖ បុរសម្នាក់ត្រូវបានរថយន្តធុនធំដឹកទឹកកកពោធិ៍វាល បុកពីក្រោយបណ្តាលអោយស្លាប់ភ្លាមៗ ខណៈកំពុងជិះម៉ូតូបម្រុងបត់ឆ្លងផ្លូវ នៅវេលាម៉ោង០៧និង៤០នាទី ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងក្រុមទី០៨ ភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាកវីវ៉ាពណ៌ខ្មៅ ០១គ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1M-2724 បើកបរដោយបុរសវ័យជាង៥០ឆ្នាំម្នាក់ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុបានបត់ឆ្វេងបម្រុងឆ្លងផ្លូវ ភ្លាមនោះក៏មានរថយន្តធុនធំពណ៌ស ដឹកទឹកកកពោធិ៍វាល០១គ្រឿង ពាក់ផ្លាកលេខបាត់ដំបង 3A-3297 បើកបរដោយបុរសម្នាក់ទិសដៅស្របគ្នាបានជ្រុលទៅបុកពេញទំហឹងបណ្តាលអោយអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗតែម្តង។

ក្រោយពេលកើតហេតុ កម្លាំងជំនាញផ្នែកចរាចរណ៍ផ្លូវគោកចុះមកវាស់វែងធ្វើកំណត់ហេតុយកមធ្យោបាយទាំងពីរទៅរក្សាទុកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ចំណែកសពជនគ្រោះត្រូវបានសមត្ថកិច្ចទំនាក់ទំនងអោយក្រុមគ្រួសារមកទទួលដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ ៖ សាលី

CATEGORIES
Share This