ជំនន់ទឹកភ្លៀងអូសបន្លាយពេលយូរធ្វើឲ្យដំណាំស្រូវ និងដំណាំដំឡូងមី ជាច្រើនរយហិកតាក្នុងស្រុកបវេល រងការប៉ះពាល់ និងខូចខាត
ខេត្តបាត់ដំបង! លោក ឈឹម វជិរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានឲ្យដឹងនៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២២នេះថា ភ្លៀងបានបន្តធ្លាក់គ្របដណ្តប់ទៅលើស្រុកជាច្រើនពិសេសតំបន់ទំនាបក្នុងភូមិសាស្ត្រស្រុកបវេលរហូត ៤ដំណាក់កាល គិតចាប់តាំងពីដើមខែកញ្ញាមក បានបង្កជាជំនន់អូសបន្លាយពេលយូរបង្កជាបញ្ហាធ្វើឲ្យដំណាំស្រូវ និងដំណាំដំឡូងមីជាច្រើនរយហិកតារងការប៉ះពាល់ និងខូចខាត។
ហើយតាមរយ:ការចុះពិនិត្យ និងតាមដានរបស់លោកផ្ទាល់រួមជាមួយមន្ត្រីជំនាញបានវាយតម្លៃឃើញថា ទំហំនៃការប៉ះពាល់ ខូចខាតលើផ្ទៃដីប្រឈមខ្លាំងសរុបមានចំនួន ៤ឃុំធំៗរបស់ស្រុកបវេលរួមមាន៖ លើភូមិសាស្ត្រឃុំល្វា ប៉ះពាល់ដំណាំស្រូវទើបព្រោះចំនួន ២៩៥ហិចតា (ស្រូវ កំពុងទុំ ចំនួន ៧៦ហិចតា) ខូចខាត ស្រូវព្រោះថ្មីចំនួន ១២៤ហិចតា ខូច ខាត ស្រូវ ទុំ ៥៥ហិចតា រីឯក្នុងភូមិសាស្ត្រឃុំព្រៃខ្ពស់ ខូចខាតស្រូវដែលច្រូតកាត់រួចចំនួន ១០២ហិចតា ប៉ះពាល់ ស្រូវទើបព្រោះចំនួន ២៥ហិចតា ស្រូវកំពុងទុំប៉ះពាល់ចំនួន ៤៨៦ហិចតា ដោយឡែកក្នុងភូមិបឹងសង្កែ ឃុំអំពិលប្រាំដើម ស្រុកបវេលដដែលប៉ះពាល់ដំណាំស្រូវប្រហាក់ប្រហែល ១២០ហិចតា ខូចខាតប្រមាណ ៧០ហិចតា និងក្នុងភូមិបឹងស្នួល ឃុំអំពិលប្រាំដើមខាងលើនេះក៏មានការប៉ះពាល់ ដល់ដំឡូងមី របស់កសិករដែលដាំដុះក្នុងស្រែប៉ះពាល់ចំនួន ៦០ហិចតា និងខូចខាតចន្លោះពី ១៨ ទៅ៣០ហិកតា។
លោក ឈឹម វជិរ៉ា បានបន្តថា៖ បណ្តាឃុំមួយចំនួនក្នុងស្រុកបវេល ដែលប្រឈមដោយជំនន់ខ្លាំងនេះបានប៉ះពាល់ប្រមាណជា ៤០% ប៉ុន្តែក្នុងករណីចាប់ពីពេលនេះតទៅបើផ្ទៃមេឃអាចរាំងឈប់បន្តភ្លៀងនោះស្ថានភាពដំណាំស្រូវដែលរងការប៉ះពាល់នេះនឹងអាចស្រោចស្រង់ល្អឡើងវិញបាន ហើយក្រៅពីភូមិសាស្ត្រស្រុកបវេលដែលរងការប៉ះពាល់ខាងលើ នៅបណ្តាស្រុកដទៃទៀតក្នុងខេត្តបាត់ដំបង ទាំងមូលកម្រិតប៉ះពាល់ត្រឹមតិចតួចប៉ុណ្ណោះ៕