រថយន្តដឹកទំនិញធុនធ្ងន់ បុករថយន្ត PRIUS ពេញទំហឹង បណ្តាលអោយមនុស្ស០៣នាក់ ស្លាប់ភ្លាមៗ
បាត់ដំបង ៖ យ៉ាងហោចណាស់មានមនុស្សបីនាក់ បានស្លាប់ភ្លាមៗ នៅក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកទំនិញធុនធ្ងន់ បើកបុករថយន្ត PRIUS ពេញទំហឹងនៅវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី០៧ ខែតុលា ឆ្នាំ ២០២២ នៅត្រង់កំណាត់ផ្លូវប្រសប់ហៃវេស្ថិតក្នុងភូមិកំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ។
ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកPRIUS ពណ៍ស មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2AW-6316 ធ្វើដំណើរជិះគ្នាបីនាក់ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ខណៈដែលកំពុងបើកឆ្លងផ្លូវ ភ្លាមនោះក៏ស្រាប់តែមានរថយន្តដឹកទំនិញធុនធ្ងន់ (ដឹកថ្ម)មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 3G-1109 បើកបរដោយបុរសមិនស្គាល់ឈ្មោះ ក្នុងល្បឿនយ៉ាងលឿន ទិសដៅពីលិចទៅកើត និងជ្រុលមកបុករថយន្ត PRIUS ពេញទំហឹងអូសជិត ១០០ម៉ែត្រ បណ្តាលអោយ អ្នកបើកបរនិងរួមដំណើរសរុបចំនួន០៣នាក់ ស្លាប់ភ្លាមៗ ចំណែករថយន្តខូចខាតយ៉ាងដំណំតែម្តង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះទៅវាស់វែងធ្វើកំណត់ហេតុ យករថយន្តទាំងពីរគ្រឿង មករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរងចាំម្ចាស់ចូលខ្លួន មកដោះស្រាយតាមផ្លូវច្បាប់ ចំណែកសាកសពត្រូវបានប្រគល់អោយសាច់ញាតិ យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ៕