ចេញត្រងទឹកភ្លៀង មិនប្រយ័ត្នប៉ះត្រូវខ្សែភ្លើងដាច់រលាត់ បណ្តាលអោយឆក់សា្លប់ភ្លាម នឹងកន្លែង
បាត់ដំបង ៖ ស្ត្រីម្នាក់ត្រូវបានចរន្តអគ្គីសនី ឆក់ស្លាប់ភ្លាមនឹងកន្លែង ខណៈចេញក្រៅផ្ទះដើម្បីត្រងទឹកភ្លៀង ហើយបានប៉ះទៅលើខ្សែភ្លើង នៅជាប់ជញ្ជាំងផ្ទះបណ្តាលឲ្យដាច់រលាត់ ។
ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅវេលាម៉ោង០១ និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ នៅត្រង់ចំណុចក្រុមទី២០ ភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ជនរងគ្រោះមានឈ្មោះ សុង សារ៉េត ភេទស្រី អាយុ ៥០ឆ្នាំ មានទីលំនៅភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ដែលជនរងគ្រោះខាងលើ បានយកស័ង្កសីទៅត្រងទឹកភ្លៀង ហើយបានប៉ះជាមួយខ្សែភ្លើង ធ្វើឲ្យដាច់រលាត់ ទើបបណ្តាលឲ្យឆ្លងចរន្តអគ្គិសនី ឆក់ស្លាប់តែម្តង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះទៅធ្វើកំណត់ហេតុ និងកោសល្យវិច័យ រួចរាល់ក៏បានប្រគល់សពជនរងគ្រោះ អោយទៅក្រុមគ្រួសារ និងសាច់ញាតិដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ សាលី