ប្រជាពលរដ្ឋ ៨២៥គ្រួសារ នៅឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ

ព្រះវិហារ៖ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ១២២៤ក្បាលដី ស្មើនឹង៨២៥គ្រួសារ ត្រូវបាន អាជ្ញាធរធ្វើពិធីប្រគល់ជូនប្រជាពលរដ្ឋ នៅភូមិស្វាយ ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៨ ខែតុលា ម្សិលមិញនេះក្រោមវត្ដមាន ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ។

មានប្រសាសន៍នាឱកាសនោះឯកឧត្តម គីម រិទ្ធី ថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់នូវស្មារតីយក ចិត្តទុកដាក់ខិតខំ អនុវត្តភារកិច្ចបម្រើសេវាជូនប្រជាពលរដ្ឋ របស់មន្ទីរអង្គភាព មន្ត្រីចុះបញ្ជី ទាំងអស់ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមអនុវត្តកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ​ដែល បាន​ខិតខំពុះពាររាល់ការលំបាករហូតឈានដល់ការចែកប័ណ្ណជូនប្រជាពលរដ្ឋនាពេលនេះ ។

ជាមួយនេះឯកឧត្តម ក៏បានសម្ដែងនូវការអបអរសាទរ ជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិស្វាយ ឃុំរំដោះស្រែ ស្រុកជាំក្សាន្តទាំងអស់ ដែលទទួលបាននូវវិញ្ញាបនបត្រសម្គាល់ ​ម្ចាស់អចលនវត្ថុ សម្រាប់​ប្រើប្រាស់ប្រកបដោយសុវត្ថិភាព ​និងមានទំនុកចិត្តបន្ថែមទៀត លើកម្មសិទ្ធរបស់ខ្លួន ។ ឯកឧត្តម គីម រិទ្ធី បានបន្ដទៀតថា ការផ្ដល់កម្មសិទ្ធិដីធ្លីនេះ​ គឺពិតជាបានរួមចំណែកជម្រុញនិង លើក​ទឹកចិត្តឱ្យ​ប្រជាពលរដ្ឋខិតខំបង្កើនផលិតភាព ​ក៏ដូចជាការវិនិយោគក្នុងវិស័យ ​កសិកម្ម ឱ្យកាន់​តែប្រសើរឡើងថែមទៀត ។

បន្ថែមពីនេះ ​ឯកឧត្តម បានស្នើដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់ដីមិនបានចូលរួម ធ្វើប្លង់ និង​អ្នកមានទំនាស់ ​សូមធ្វើការសម្របសម្រួល ​និងសហការជាមួយអាជ្ញាធរ និងមន្ត្រី ជំនាញគ្រប់​លំដាប់ថ្នាក់​ ដើម្បី​ធ្វើការ​បញ្ចប់​រាល់​ទំនាស់ទាំងឡាយ​ ងាយស្រួលដល់ក្រមការងារ ចេញ​ប័ណ្ណជូនផងដែរ ។

បើតាមរបាយការណ៍របស់លោក សំ សារឿន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះវិហារ បានឱ្យដឹងថា សម្រាប់តំបន់វិនិច្ឆ័យក្នុងឃុំរំដោះស្រែ ​សរុបមានចំនួន ៤ភូមិ ​ក្នុងនោះភូមិស្វាយជាភូមិទី៤ ​ដែលក្រុមការងារបានអនុវត្តតាមនីតិវិធីនៃ ​ដំណាក់កាលនីមួយៗ ចាប់ពីថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ២០២១ រហូតដល់ពិធីចែកវិញ្ញាបនបត្រ ​សម្គាល់ម្ចាស់អចលនវត្ថុ លើការ​ចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធនាពេលនេះ ដោយទទួល បានលទ្ធផល ក្នុង​ការកំណត់ព្រំ និងវិនិច្ឆ័យ ក្នុងភូមិស្វាយសរុបចំនួន ១២២៤ក្បាលដី ស្មើនិង ផ្ទៃដីទំហំ ៦៦៣១ហិកតា ​ស្មើនិង ៨២៥គ្រួសារ ។ ហើយចំពោះក្បាលដី រក្សាទុកមិនចេញ ប័ណ្ណជូនមានចំនួន ១៨៥ក្បាលដី​ ក្នុងនោះរួមមាន៖ ក្បាលដីចំនួន ១៨២ក្បាលដី ជាក្បាលដី ​គ្មានទិន្នន័យ និង ក្បាលដីចំនួន ៣ក្បាលដី ជាដីទំនាស់ ៕

CATEGORIES
Share This