អ្នកលក់ភេសជ្ជៈចល័ត បង្កប់លក់គ្រឿងញៀន ត្រូវអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនបញ្ជូនទៅតុលាការ
បន្ទាយមានជ័យ ៖ ជនសង្ស័យជាអ្នកលក់ភេសជ្ជៈចល័តតាមម៉ូតូកងបី បង្កប់លក់គ្រឿងញៀនម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនបញ្ជូន ទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់ កាលពីកាលពីរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានអោយដឹងថាកាលពីនៅវេលាម៉ោង០៩និង០០នាទី ថ្ងៃទី២៥ ខែឧសភា ២០២៣ លោកបានដឹកនាំកម្លាំងមូលដ្ឋានអាវុធហត្ថក្រុង បេីកប្រតិបត្តិការបង្រ្កាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ខៀវ សីហា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ បច្ចុប្បន្ន រស់នៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យនៅចំណុចតារាងបាល់ទាត់ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខណៈដែលជនសង្ស័យបើកម៉ូតូកង់បីលក់ទឹកភេសជ្ជៈតាមផ្លូវបានបន្លំលក់គ្រឿងញៀន ។
វត្ថុតាងដកហូតរួមមាន ៖ ម៉្សៅក្រាមពណ៌សថ្លា (ទឹកកក) ចំនួន០៥កូនថង់កិប ទម្ងន់ ១១,៥១ក្រាម, ម៉ូតូកង់បី (កែច្នៃ) ចំនួន ០១គ្រឿង (ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល1W-5620, ទូរស័ព្ទដៃចំនួន០១គ្រឿង (ម៉ាកVIVO ពណ៌ខៀវ), កូនថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន ។
បន្ទាប់ពីឃាត់ខ្លួន និងសួរចម្លេីយ ជនសង្ស័យ បានឆ្លេីយសារភាពថា រូបខ្លួនពិតជាបានលក់ដូរដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន ។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ៕