អភិបាលខេត្តកំពង់ស្ពឺ រំលឹកឡើងវិញពីរបប៣ឆ្នាំ ៨ខែ និង២០ថ្ងៃថា ពលរដ្ឋខ្មែរមិនដែលទទួលបាន ការគិតគូសុខភាព

កំពង់ស្ពឺ ៖ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានរំលឹកឡើងវិញ ពីប្រវត្តិឈឺចាប់ដែលប្រជាពលរដ្ឋខ្មែរ បានហែលឆ្លងកាត់អស់រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ(ប៉ុលពត) ថា ពលរដ្ឋស្លូតត្រង់ជាង៣លាននាក់ ត្រូវកាប់សម្លាប់ និងធ្វើទារុណ្ឌកម្មយ៉ាងព្រៃផ្សៃ បង្ខំឱ្យធ្វើការលើសកម្លាំង ទាំងមិនដែលបានហូបឆ្អែត មិនតែប៉ុណ្ណោះមិនដែលទទួលបានការគិតគូដល់សុខភាព ប្រជាពលរដ្ឋពីសំណាក់ថ្នាក់ដឹកនាំនាសម័យនោះឡើយ ។

ការលើកឡើងដូច្នេះ ក្នុងពិធីពិនិត្យ និងចែកវែនតាដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធប្រមាណជាង១៤០០នាក់ នៅមន្ទីរអប់រំខេត្តនាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ របស់ក្រុមគ្រូពេទ្យកម្ពុជានៃមន្ទីរពេទ្យគៀនឃ្លាំង ។

លោក វ៉ី សំណាង បន្តថា ក្រោយថ្ងៃ៧មករា នៃឆ្នាំ១៩៧៩ រហូតមកសព្វថ្ងៃ ក្រោមនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ដែលនាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ បានធ្វើឱ្យប្រទេសជាតិទាំងមូល មានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះសុខភាព និងជីវភាពពលរដ្ឋ ទូទាំងប្រទេស ក៏ត្រូវបានគិតគូ និងយកចិត្តទុកដាក់ជាអាទិភាព ។តាមរយៈការគិតគូនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានគៀគរអ្នកវិនិយោគិនបរទេសយ៉ាងច្រើន ឱ្យចូលមកវិនិយោគនៅក្នុងប្រទេស ដើម្បីបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ បានធ្វើបង្កើនសេដ្ឋកិច្ចគ្រួសារឱ្យរីកចម្រើន ។ ជាក់ស្តែងនៅក្នុងខេត្តកំពង់ស្ពឺ បច្ចុប្បន្ន រោងចក្រ សហគ្រាសមានរហូតដល់ទៅ៣៨៥កន្លែងដែលមានកម្មករ និយោជិតកំពុងបម្រើការចំនួន១៥៧,០២៧នាក់ ស្រី ១១៥,៨៩៧នាក់ ។ ក្នុងនោះវាយនភ័ណ្ឌកាត់ដេរ និងផលិតស្បែកជើងមានចំនួន ១៩១មានកម្មករ និយោជិត សរុប១៤៣,៩៦៧នាក់ ស្រី ១០៩,៣៦៨នាក់ ។ ហើយនៅពេលដ៏ខ្លីខាងមុខនេះ នឹងមានរោងចក្រចំនួន៦ទៀត របស់វិនិយោគិនចិន និងអាឡឺម៉ង់ និងគ្រោងបើកដំណើរការនៅក្នុងខេត្តនេះផងដែរ ដែលត្រូវការកម្មករកម្មការិនី ធ្វើការប្រមាណពី៦ពាន់ ទៅ១ម៉ឺននាក់ ។

ជាមួយនិងការលើកឡើងនេះ អភិបាលខេត្តកំពង់ស្ពឺក៏បានថ្លែងនូវការកោតសរសើរ និងអរគុណចំពោះការលះបង់ និងចំណាយពេលវេលាធនធាននៃក្រុមគ្រូពេទ្យភ្នែកកម្ពុជា របស់មន្ទីរពេទ្យគៀនឃ្លាំង ដែលបានចុះវាស់ភ្នែក និងផ្តល់វែនតាសម្រាប់អានអក្សរ និងវែនតាការពារពន្លឺកុំព្យូទ័រ ដោយឥតគិតថ្លៃ ជូនដល់មន្រ្តីរាជការ កងកម្លាំងទាំងបីប្រភេទ និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ ។

លើកឡើងក្នុងឱកាសនោះដែរ លោកចក្ខុបណ្ឌិត ប៉ាង សាម៉ន ឯកទេសភ្នែកជាន់ខ្ពស់ នៃមន្ទីរពេទ្យគៀនឃ្លាំងឱ្យដឹងថា បេសកកម្មពិនិត្យ និងផ្តល់វែនតាដោយឥតគិតថ្លៃនេះ គឺ ធ្វើឡើងដើម្បីលើកកម្ពស់សុខភាពភ្នែករបស់បងប្អូនប្រជាពលរដ្ឋ ពិសេសបញ្ជៀសការប្រើប្រាស់វែនតាផ្តេសផ្តាស់ ដោយមិនបានពិនិត្យ និងប្រឹក្សាពីគ្រូពេទ្យឯកទេសត្រឹមត្រូវ ដែលនាំប៉ះពាល់ដល់សុខភាពភ្នែក ។ ហើយចំពោះវែនតាដែលត្រូវយកមកចែកជូននាពេលនេះ គឺ បានមកពីការចូលរួមពីបណ្តាសប្បុរសជន ក្រុមគ្រូពេទ្យផ្សេងៗ នៃក្រុមជំនុំគ្រីស្ទាន និងដៃគូជាច្រើនផ្សេងទៀតផងដែរ ៕

ដោយ ៖ ប៊ុត សារុន

CATEGORIES
Share This