ស្រ្តីម្នាក់ ត្រូវបានចាប់ខ្លួន ក្រោយចេញមូលប្បទានប័ត្រ ពុំមានសាច់ប្រាក់ ឲ្យអ្នកដទៃ

បន្ទាយមានជ័យ​ ៖ ស្ត្រីម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ធ្វើការចាប់ខ្លួន អនុវត្តន៍តាមនីតិវិធី ក្រោយចេញមូលប្បទានប័ត្រ ពុំមានសាច់ប្រាក់ ឲ្យអ្នកដទៃ (ចេញសែកស្អុយ) ។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត​បន្ទាយមានជ័យ បានឲ្យដឹងថា យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ ងួន សេងហេង (ហៅរ៉ាដា)​ ភេទស្រី​ អាយុ៣៨ឆ្នាំ មានទីលំនៅភូមិពូលុង សង្កាត់រម្យនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី​ នៅថ្ងៃទី២៩​ ខែឧសភា​ ឆ្នាំ​២០២៣​ កម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ បានចុះឃាត់ខ្លួនឈ្មោះ យូ ស្រីនី ភេទស្រី អាយុ៣២ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ ​ស្តីពីករណី​ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ ដែលអាចជួញដូរបាន​ ​តាមដីកាសម្រេចឱ្យបើកការស៊ើបអង្កេតបឋម លេខ៖៦៥៣ អយ.ក ចុះថ្ងៃទី១៧ ខែឧសភា​ ឆ្នាំ​២០២៣ របស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ​ ។

លោកថា​ កាលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ ឈ្មោះ ងួន សេងហេង (ជនរងគ្រោះ​)​ បានដាក់ពាក្យបណ្តឹងចោទប្រកាន់ទៅលើឈ្មោះ យូ ស្រីនី លើករណី​ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ។ ក្រោយពីបានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ​ ការិយាល័យព្រហ្មទណ្ឌបានធ្វើការកោះហៅឈ្មោះ យូ ស្រីនី ឱ្យចូលមកបំភ្លឺអំពីដំណើររឿងហេតុ នៅវេលាម៉ោង០៨ និង៣០នាទី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ដោយជនសង្ស័យឈ្មោះ យូ ស្រីនី បានចូលខ្លួនមកបំភ្លឺតាមការកោះហៅ និងបានឆ្លើយបំភ្លឺតាមដំណើររឿងហេតុដែលបានកើតឡើង ឃើញមានពិរុទ្ធភាពនៃបទល្មើសខាងលើ ទើបកម្លាំងជំនាញបានមានចំណាត់ការតាមនីតិវិធីតែម្តង ។

ក្រោយឃាត់ខ្លួន​ តាមដីកាសម្រេច ឱ្យបើកការស៊ើបអង្កេតបឋម លេខ៖៦៥៣ អយ.ក ចុះថ្ងៃទី១៧​ ខែឧសភា​ ឆ្នាំ​២០២៣ របស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ​ ជនសង្ស័យ​បានសារភាពថា​ ខ្លួនពិតជាបានចេញមូលប្បទានប័ត្រពុំមានសាច់ប្រាក់ (សែកស្អុយ) ឱ្យទៅដេីមបណ្តឹងពិតប្រាកដមែន ។

យោងតាមពាក្យបណ្ដឹង និងចម្លើយសារភាព ជនសង្ស័យ​ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត​បន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

CATEGORIES
Share This