រថយន្តក្រុងក្រុមហ៊ុន កាពីតូល បុកពីក្រោយរថយន្ត១គ្រឿងទៀត បណ្តាលអោយស្លាប់ និងរបួសជាច្រើននាក់
កំពង់ឆ្នាំង ៖ គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តក្រុងក្រុមហ៊ុន កាពីតូល ទៅបុកពីក្រោយរថយន្ត ដឹកទំនិញឈប់ចតលើកផ្លូវ បណ្ដាលឱ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់។
ហេតុការណ៍នេះ បានកើតឡើងកាលពី ព្រលប់ម៉ោង១៨ និង១៥ នាទីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ នៅលើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៦៦-៦៧ ស្ថិតក្នុងភូមិទឹកល្អក់ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
តាមប្រភពពីកន្លែងកើតហេតុ និងពីសមត្ថកិច្ចអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្ត ០១គ្រឿង ម៉ាក KIA GRANBIRD ពណ៌ក្រហម ពាក់ផ្លាកលេខបាត់ដំបង 3A-2155 (ប្រភេទរថយន្តក្រុង ដែលមានបិទឡូហ្គោក្រុមហ៊ុន កាពីតូល ដឹកអ្នកដំណើរ) អ្នកបើកបរឈ្មោះ ភឿ រី ភេទប្រុស អាយុ៦៨ ជនជាតិខ្មែរ រស់នៅភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល បើកពីទិសខាងត្បូង ឆ្ពោះទៅទិសខាងជើង លើគន្លងផ្លូវវ៉ាជែង ក្នុងល្បឿនលឿន ។ លុះបើកមកដល់ចំណុចខាងលើ បានបុកពីក្រោយ រថយន្ត ០១គ្រឿងទៀត ដែលបែកកង់ ឈប់នៅលើគន្លងផ្លូវរថយន្តវ៉ាជែងម៉ាក Hyundai ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3D-2365 ( ក្នុងដំណើរស្របទិសគ្នា ) បើកបរដោយឈ្មោះ សេង ម៉ាប់ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិប្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត ។
ក្នុងហេតុការណ៍នេះ ខណៈដែលរថយន្តក្រុងបានបុករថយន្តខាងលើ ក៏រុញទៅបុកមនុស្សចំនួន០៣ នាក់ទៀត ដែលកំពុងឈរនៅពីមុខរថយន្តបែកកង់ បណ្ដាលអោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុចំនួន ០២នាក់ (ស្រី០១នាក់ ), និង រងរបួសធ្ងន់ ចំនួន ០២នាក់ទៀត (ប្រុស) បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ។
ចំពោះរថយន្តរងការខូចធ្ងន់ទាំងពីរគ្រឿង ត្រូវបាននាំយកមករក្សាទុកនៅកន្លែងសមត្ថកិច្ច ៕







