ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តល់រង្វាន់កុំព្យូទ័រដល់សិស្សជ័យលាភីនិទ្ទេស A ៧៩នាក់ នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ ៖ ដូចដែលបានសន្យា លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធាន​ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បាន​ប្រគល់​រង្វាន់​កុំព្យូទ័រចំនួន៧៩គ្រឿង ដល់​សិស្សនិទ្ទេសA ៧៩នាក់នៅ​ខេត្ត​កំពង់ស្ពឺ ដែល​បាន​ប្រឡងជាប់​នាពេលថ្មីៗនេះ ដែលការប្រគល់ត្រូវបានធ្វើឡើងនៅបណ្ណាល័យខេត្តកំពង់ស្ពឺ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥។

លោក​ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានលើកឡើងថា លទ្ធផលនិទ្ទេសA ដែលប្អូនៗនិងក្មួយៗទទួល​បាន​នាពេលនេះ គឺពិតជាបានលើកកម្ពស់មុខមាត់របស់ខេត្តកំពង់ស្ពឺយើងណាស់ ពិសេសគឺមុខមាត់សាលា លោកគ្រូអ្នកគ្រូ និងក្រុមគ្រួសាររបស់ប្អូនៗនិងក្មួយៗតែម្តង។

លោកបញ្ជាក់បន្ថែមថា ជាមួយនិងភាពជោគជ័យដែលប្អូនៗនិងក្មួយៗទទួលបាននាពេលនេះវាពិតណាស់ជាសមត្ថភាពដែលពួកប្អូននិងក្មួយៗមាន ប៉ុន្តែប្អូននិងក្មួយត្រូវដឹងនិងមិនអាចបំភ្លេចបាននោះគឺ ឪពុកម្តាយ អាណាព្យាបាល ដែល​បាន​ផ្តល់ឱកាសនិងការទំនុកបម្រុងក្នុងការរៀនសូត្រ ជាពិសេស​លោកគ្រូអ្នកគ្រូដែលបាន​ណែនាំ បង្ហាត់បង្រៀនរហូត​ទទួល​លទ្ធផល​បែបនេះ។ហើយក្រោយបញ្ចប់ការសិក្សានៅថ្នាក់ឧត្តមនិងក្រោយចេញបំពេញការងារសង្ឃឹមថាប្អូននិងក្មួយៗទាំងអស់នឹងវិលត្រឡប់មកចែករំលែកទៅកាន់អ្នកដទៃនិងអ្នកជំនាន់ក្រោយ ពិសេសមកជួយអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺឱ្យមានការរីកចម្រើនកាន់តែខ្លាំងបន្ថែមទៀត ជៀសផុតពីការមាក់ងាយថាជាខេត្តប៊ុមប៊ឺរលាក់កងជើង។

សូមបញ្ជាក់ផងដែរថា ក្រៅ​ពី​ផ្ដល់​រង្វាន់​ដល់​សិស្ស​និទ្ទេសA​ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏​បាន​ផ្ដល់​លិខិតថ្លែងអំណរគុណ និង​ថវិកា​មួយចំនួន​ដល់លោកគ្រូ អ្នកគ្រូផងដែរ ៕

ដោយ ៖ ប៊ុត សារុន

CATEGORIES
Share This