នគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ គ្រោងជួបប្រជុំ អំពី កិច្ចសហប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន
ភ្នំពេញ ៖ យោងតាមសេចក្តីកាសព័ត៌មានរបស់អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ គ្រោងជួបប្រជុំពិនិត្យ និងពិភាក្សាលើផែនការសកម្មភាព សម្រាប់កិច្ចសហប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការជួញដូរមនុស្ស នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅខេត្តបាត់ដំបង ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ បន្ទាប់ភាគី នគរបាលភូមិន្ទថៃ បានជូនដំណឹងពីការអាក់ខានចូលរួមកិច្ចប្រជុំលើកទី២ ដែលត្រូវរៀបចំកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥។
កិច្ចប្រជុំលើកទី២ រវាងកម្ពុជា-ថៃ នេះ គឺធ្វើឡើងបន្ទាប់ពីមានការឯកភាពគ្នានៅក្នុងកិច្ចប្រជុំលើកទី១ រវាងកម្ពុជា-ថៃ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ អនុលោមតាម ស្មារតីកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ៕



