មនុស្សប្រុសស្រី០៣នាក់ រងរបួសធ្ងន់ នៅក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូពីរគ្រឿងបុកគ្នា

បាត់ដំបង ៖ យ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួន០៣នាក់ បានរងរបួសធ្ងន់ នៅក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូពីរគ្រឿងបុកគ្នានៅវេលាម៉ោង ១៩និង៣០នាទី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅត្រង់ចំណុចផ្លូវប្រសព្វសួនយុវ័ន ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនះ ក្រុងបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាក WINNER-X ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ សៀមរាប 1V-2300 បើកបរដោយឈ្មោះ សំ ប៊ុនណា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ ជាងទូរស័ព្ទ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង និងអ្នករួមដំណើរជាស្ត្រីម្នាក់ បើកបរក្នុងល្បឿនលឿន ទិសដៅពីលិចទៅកើត ចំណែកម៉ូតូ ០១គ្រឿងទៀតម៉ាក HONDA CLICK ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង 1AO-2581 បើកបរដោយឈ្មោះ យិន ណារ៉ា ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុបានបុកគ្នាពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់ទាំង០៣នាក់តែម្តង ចំណែកម៉ូតូទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំផងដែរ។

ក្រោយពេលកើតហេតុជនរងគ្រោះទាំង០៣នាក់ ត្រូវបានដឹកបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំង០២គ្រឿងត្រូវបានកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តចុះមកវាស់វែងធ្វើកំណត់ហេតុយកទៅរក្សាទុកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕

ដោយ ៖ សាលី

CATEGORIES
Share This