ឯកឧត្តម ឌិត ទីណា នាំសាររំលែកទុក្ខ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជូនដល់គ្រួសារសពបាត់បង់ជីវិត ដោយសារយោធាថៃបាញ់រះ មកលើពលរដ្ឋកម្ពុជា នៅភូមិព្រៃចាន់
បន្ទាយមានជ័យ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ បាននាំយកសាររំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចូលរួមរំលែកទុក្ខក្រុមគ្រួសារសពពលរដ្ឋ ឈ្មោះ ឌី ណៃ ហៅ សល់ ដែលបានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍យោធាថៃបាញ់រះ មកលើពលរដ្ឋស្លូតត្រង់របស់កម្ពុជា នៅភូមិព្រៃចាន់ ។
ការនាំយកសាររំលែកទុក្ខ និងថវិកាចូលរួមកម្មវិធីបុណ្យសពខាងលើ ប្រព្រឹត្តទៅកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងបរិវេណវត្តច័ន្ទស៊ី ស្ថិតក្នុងឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ អមដំណើរដោយឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ, លោក កែវ ដារ៉ារស្មី អភិបាលស្រុកអូរជ្រៅ រួមនឹងអស់លោក លោកស្រីអភិបាលរងខេត្ត និងមន្ត្រីរាជការមួយចំនួនទៀតផងដែរ ។
ក្រៅពីការនាំសាររំលែកទុក្ខនេះ ឯកឧត្តម ឌិត ទីណា ក៏បានអញ្ជើញសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសិក មកពីភូមិព្រៃចាន់ ភូមិជោគជ័យ និងភូមិអូរបីជាន់ សរុប ២៥៧គ្រួសារ ដែលកំពុងបោះតង់ស្នាក់នៅក្នុងបរិវេណវត្តច័ន្ទស៊ីនេះផងដែរ ។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ យោធាថៃបានធ្វើសកម្មភាពបាញ់រះ មកលើប្រជាពលរដ្ឋកម្ពុជា នៅចំណុចភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យពលរដ្ឋកម្ពុជាម្នាក់ឈ្មោះ ឌី ណៃ ហៅ សល់ បានស្លាប់ និងពលរដ្ឋខ្មែរ ០៣នាក់ទៀតរងរបួសធ្ងន់ ៕













