ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អញ្ជើញចុះត្រួតពិនិត្យ និងសង្កេតការណ៍ នៅទីតាំងភៀសសឹក របស់ពលរដ្ឋកម្ពុជា

បន្ទាយមានជ័យ ៖ បន្ទាប់ពីចុះពិនិត្យស្ថានភាពអ្នករបួសនៅមន្ទីរខេត្តមិត្តភាពកម្ពុជា-ជប៉ុន និងទីតាំងភូមិព្រៃចាន់ រួចមក ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានបន្តចុះត្រួតពិនិត្យ និងសង្កេតការណ៍ពីស្ថានភាព របស់ប្រជាពលរដ្ឋកម្ពុជា ដែលបានភៀសសឹក មកស្នាក់នៅក្នុងបរិវេណវត្តច័ន្ទស៊ី ស្ថិតក្នុងឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

ការចុះពិនិត្យ និងសង្កេតការណ៍ពីស្ថានភាព របស់ប្រជាពលរដ្ឋភៀសសឹកនេះ ធ្វើឡើងកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមការទទួលស្វាគមន៍ពីសំណាក់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ។

ក្នុងដំណើរនេះ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានពិនិត្យឃើញដោយផ្ទាល់ ពីស្ថានភាពដ៏លំបាកវេទនារបស់បងប្អូនប្រជាពលរដ្ឋកម្ពុជា ដែលបានរងគ្រោះដោយសារការឈ្លានពាន ពីសំណាក់ប្រទេសថៃមកលើកម្ពុជា និងការបាញ់សម្លាប់យ៉ាងអមនុស្សធម៌ពីសំណាក់យោធាថៃ មកលើពលរដ្ឋស្រូតត្រង់កម្ពុជាយ៉ាងឃោរឃៅបំផុត ។

គួររំលឹកថា កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ យោធាថៃបានធ្វើសកម្មភាពបាញ់រះ ជាច្រើនគ្រាប់ មកលើប្រជាពលរដ្ឋកម្ពុជា នៅចំណុចភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យពលរដ្ឋកម្ពុជាម្នាក់ឈ្មោះ ឌី ណៃ ហៅ សល់ បានស្លាប់បាត់បង់ជីវិត និងពលរដ្ឋខ្មែរ ០៣នាក់ទៀតរងរបួសធ្ងន់ ត្រូវបានសង្គ្រោះជាបន្តបន្ទាប់ ហើយប្រជាពលរដ្ឋក្នុងមូលដ្ឋានមានការភ័យខ្លាចមិនហ៊ាននៅផ្ទះ បានធ្វើការភៀសខ្លួនមកស្នាក់នៅតាមផ្ទះបងប្អូននៅទីរួមស្រុក ទីរួមខេត្ត និង ២៥៧គ្រួសារ បានមកស្នាក់នៅក្នុងបរិវេណវត្តច័ន្ទស៊ី ជាក់ស្តែងខាងលើតែម្តង  ៕

CATEGORIES
Share This