អគ្គស្នងការរងនគរបាលជាតិកម្ពុជា បន្តដឹកនាំកម្លាំងជំនាញ ចុះពិនិត្យ អង្កេត ស្រាវជ្រាវ ទីតាំងដែលយោធាថៃ បាញ់សម្លាប់ប្រជាពលរដ្ឋស៊ីវិលកម្ពុជា និងជួបសម្ភាសន៍ប្រជាពលរដ្ឋ កងកម្លាំងការពារព្រំដែនកម្ពុជា ដែលជាសាក្សី នៅកន្លែងកើតហេតុផ្ទាល់

បន្ទាយមានជ័យ  ៖ យោងតាមការចុះផ្សាយ តាមផេកផ្លូវការរបស់អគ្គស្នងការនគរបាលជាតិកម្ពុជា ដោយអនុវត្តតាមបទបញ្ជា និងមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិ បានដឹកនាំកម្លាំងជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ធ្វើការចុះពិនិត្យ អង្កេត ស្រាវជ្រាវ ទីតាំងដែលយោធាថៃបាញ់សម្លាប់ប្រជាពលរដ្ឋស៊ីវិលកម្ពុជា និងជួបសម្ភាសន៍កងកម្លាំងការពារព្រំដែន ក្នុងភូមិសាស្ត្រ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ។ រួចមក នៅរសៀលថ្ងៃដដែលនេះដែរ ឯកឧត្តម អគ្គស្នងការរងនគរបាលជាតិ បានបន្តដឹកនាំកម្លាំងជំនាញ ចុះមកទីតាំងជុំរំសុវត្ថិភាពជនភៀសសឹក ដែលជម្លៀសមកពី ភូមិព្រៃចាន់ នៅវត្តចាន់ស៊ី សាមគ្គីរតនារាម  ក្នុងឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីជួបសម្ភាសន៍ប្រជាពលរដ្ឋ ដែលជាសាក្សីនៅក្នុងហេតុការណ៍ផ្ទាល់ ក្នុងពេលយោធាថៃបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា  កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ បណ្ដាលអោយប្រជាពលរដ្ឋកម្ពុជាស្លូតត្រង់ បាត់បង់ជីវិត ចំនួន ០១នាក់ និងទទួលរងរបួសធ្ងន់ចំនួន ០៣នាក់ ៕

CATEGORIES
Share This