ក្មេងប្រុសម្នាក់ ត្រូវបានរថយន្តកិនពីក្រោយ ស្លាប់យ៉ាងអាណោចអាធ័ម
បាត់ដំបង ៖ ប្រភពពីពលរដ្ឋបានអោយដឹងថា ក្មេងប្រុសម្នាក់ត្រូវបានរថយន្តធុនធំដឹកខ្សាច់ កិនពីក្រោយស្លាប់ភ្លាមៗខណៈកំពុងជិះម៉ូតូនៅវេលាម៉ោង ១៣និង៤០នាទី ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ចំណុចផ្លូវបំបែកការ៉ាសសាំងស្រីមុំ ស្ថិតក្នុងភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។
ប្រភពដដែលបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាកHONDA SCOOPY CLUB 12 ពណ៌ប្រផេះ ពាក់ផ្លាកលេខ បាត់ដំបង1AY-6848 បើកបរដោយឈ្មោះ ភាន់ ដេវិន ភេទប្រុស អាយុ១៣ឆ្នាំ ទិសដៅពីកើតទៅលិច ចំណែករថយន្តធុនធំដឹកខ្សាច់ពាក់ផ្លាកលេខខាងមុខ ភ្នំពេញ3E-5522 បើកបរដោយបុរសម្នាក់ទិសដៅស្របគ្នាបានជ្រុលមកកិនពីលើបណ្តាលអោយបែកក្បាលស្លាប់ភ្លាមៗតែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកវាស់វែងធ្វើកំណត់ហេតុយកមធ្យោបាយទាំងពីរទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកសពត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ៕





ដោយ ៖ សាលី


