ពលរដ្ឋ​ភៀស​សឹក ៥០០គ្រួសារ មកពីភូមិ​ព្រៃ​ចាន់​ និង​ភូមិ​ជោគជ័យ ទទួលអំណោយសម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត

បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​ភៀស​សឹកមកពីភូមិ​ព្រៃ​ចាន់​ និង​ភូមិ​ជោគជ័យ​ ឃុំ​អូរបីជាន់​ ស្រុក​អូរជ្រៅ​ ខេត្ត​បន្ទាយមានជ័យ ចំនួន​ ៥០០​ គ្រួសារ ដែលបានជន្លៀសមករក​ទីកន្លែង​សុវត្ថិភាព​ ទទួលបានអំណោយដ៏ថ្លៃថ្លារបស់​សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ និង​ ​លោកជំទាវ​បណ្ឌិត​ ពេជ​ ចន្ទមុន្នី ។

ការណ៍នេះធ្វើឡើងនៅព្រឹក​ថ្ងៃទី​១៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៥​ នាវត្តច័ន្ទស៊ី ស្ថិតក្នុងភូមិកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោយមការដឹកនាំដោយលោកជំទាវ ជូរ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អមដំណើរដោយ​ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ, ឯកឧត្ដម​ អ៊ុំ​ រាត្រី​ អភិបាល​ខេត្ត​បន្ទាយមានជ័យ រួមនឹងមន្ត្រីរាជការជាច្រើនរូបទៀតផងដែរ ។

ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាល​ខេត្ត​បន្ទាយមានជ័យ​ បាន​ពាំនាំនូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ បងប្អូន​ប្រជាពលរដ្ឋ​ជនភៀសសឹក​ ពី​សំណាក់​សម្ដេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ និង​លោកជំទាវ​បណ្ឌិត​ ផងដែរ​ ដែល​ជានិច្ចកាល​សម្ដេច​ធិបតី​ និង​ លោកជំទាវ​បណ្ឌិត​ តែងតែ​គិតគូរ​យកចិត្ត​ទុកដាក់​ជាប់​ជាប្រចាំ​ចំពោះសុខទុក្ខប្រជាពលរដ្ឋ​គ្រប់​ពេលវេលា​ គ្រប់​ទីកន្លែង​ ។

អំណោយដែលត្រូវបានប្រគល់ជូន ​ក្នុង​គ្រួសារ​ទទួលបាន ៖​ អង្ករ​ ២៥​គីឡូ​ក្រាម,​ មី​ ១កេស,​ ថ្នាំ​មូស​ ២ដប,​ ទឹក​សុទ្ធ​ ១យួរ,​ ទឹក​ត្រី​១ដប,​ មុង១​ ភួយ​ ១​ ខ្នើយ​ ១,​ ថវិកា​ ១០ម៉ឺន​រៀល​ ។

សូមបញ្ជាក់ថា ​បងប្អូន​ប្រជាពលរដ្ឋ​ជនភៀសសឹក​ទាំងអស់ ​បានចាកចេញពី​ផ្ទះ​នៅភូមិ​ព្រៃ​ចាន់​ ភូមិ​ជោគជ័យ​ មកទីកន្លែង​សុវត្ថិភាព​ បន្ទាប់​ពី​យោធា​ថៃ​បានបាញ់​ប្រហារ​មកលើប្រជាពលរដ្ឋ​ស្លូតត្រង់កម្ពុជា ​នៅភូមិ​ព្រៃ​ចាន់​ កាល​ពី​រសៀល​ថ្ងៃ​ទី​១២​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៥​ បណ្ដាល​អោយ​ពលរដ្ឋ​ស្លាប់ ​១នាក់​ រងរបួស​ធ្ងន់​ ៣នាក់​ ៕

CATEGORIES
Share This