បុរសវ័យចំណាស់ម្នាក់ រងរបួសធ្ងន់ ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍
បាត់ដំបង ៖ បុរសវ័យចំណាស់ម្នាក់ រងរបួសធ្ងន់ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ នៅវេលាម៉ោង០៧និង៤០នាទី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចផ្លូវបំបែកហាយវេស្ថិតក្នុងភូមិខ្សាច់ពោយ សង្កាត់វត្តគរ ក្រុងបាត់ដំបង ។
ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងរវាងម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ០១គ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1X-3068 បើកបរដោយបុរសចំណាស់ម្នាក់ ទិសដៅពីលិចទៅកើត ចំណែករថយន្តម៉ាក TOYOTA CAMRY (ឆ្លាម)ពណ៌ឈ្លូញ ពាក់ផ្លាកលេខ បាត់ដំបង2B-7872 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរជាស្ត្រីម្នាក់ ទិសដៅពីជើងទៅត្បូង(ឆ្លងផ្លូវ)លុះមកដល់ចំណុចកើតហេតុត្រូវបានម៉ូតូបុកពេញទំហឹងបណ្តាលអោយបុរសចំណាស់ខាងលើរងរបួសធ្ងន់តែម្តង។
ក្រោយពេលកើតហេតុ កម្លាំងជំនាញផ្នែកចរាចរណ៍បានចុះមកវាស់វែងធ្វើកំណត់ហេតុយកមធ្យោបាយទាំងពីរទៅរក្សាទុកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ចំណែកជនគ្រោះត្រូវបានសមត្ថកិច្ចដឹកបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យភ្លាមៗផងដែរ ៕





ដោយ ៖ សាលី


